(កំពង់ស្ពឺ)៖ ក្រុមហ៊ុន SCG បានផ្ដល់សម្ភារសាងសង់ដែលមានតម្លៃជាទឹកប្រាក់ជាច្រើនពាន់ដុល្លារអាមេរិក ទៅឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
ការផ្ដល់ជូននេះជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនក្នុងការជួយទ្រទ្រង់ដល់ការងារអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
អំណោយដែលរួមមាន ស៊ីម៉ងតិ៍ខេ-ស៊ីមិន ក្បឿងអេសស៊ីជី ទុយោអេសស៊ីជី និងសម្ភារបន្ទប់ទឹកកូតូ ជាច្រើន នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ឬជួសជុលទៅលើផ្នែកនានា នៅក្នុងបរិវេណអគារវិទ្យាស្ថាន ។
លោក ចៃផេត ចាន់តារាវង្ស តំណាងនាយកក្រុមហ៊ុន SCG នៅកម្ពុជា បានឲ្យដឹងថា ការបរិច្ចាគសម្ភារទាំងនេះគឺជាផ្នែកមួយនៃកម្មវិធីរបស់ អេសស៊ីជី សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយជារៀងរាល់ឆ្នាំ SCG ផ្ដល់អាហាររូបករណ៍ជាច្រើនរយកន្លែង ដល់សិស្សវិទ្យាល័យ និងនិស្សិតនៅប្រទេសកម្ពុជា។
លោក ចៃផេត ចាន់តារាវង្ស ថ្លែងថា «ក្រៅពីធ្វើមុខជំនួញរកស៊ី SCG ក៏ផ្ដល់ទៅឲ្យវិញ ដល់សហគមន៍មូលដ្ឋាន តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមជាច្រើន»។
ពិធីប្រគល់ និងទទួលសម្ភារអំណោយ លោកវរសេនីយ៍ត្រី ភិស្នុ សារៈធី ជំនួយការទូតទាហានជើងគោកប្រទេសថៃ និងជាតំណាងរបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អេសស៊ីជី សម្រាប់ការបរិច្ចាគនេះ។
លោកវរសេនីយ៍ត្រី ភិស្នុ សារៈធី ថ្លែងថា «យើងនឹងប្រើប្រាស់សម្ភារសំណង់ទាំងនេះសម្រាប់យកទៅសាងសង់ទីកន្លែងនានា ដើម្បីជាប្រយោជន៍នៅក្នុងវិទ្យាស្ថាននេះ»។
សូមបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គឺជាព្រះអំណោយរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ជូនដល់ប្រទេសកម្ពុជា។ វិទ្យាស្ថាននេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចាប់តាំងពីឆ្នាំ២០១៤ ក្រុមហ៊ុន SCG តាមរយៈកម្មវិធីគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបានផ្ដល់អាហារូបករណ៍ សរុបច្រើនជាង១,៣០០នាក់ ដល់សិស្សថ្នាក់វិទ្យាល័យ និងសិស្សថ្នាក់មហាវិទ្យាល័យ មកពីផ្នែកផ្សេងៗគ្នា នៃប្រទេសកម្ពុជា។
អាហារូបករណ៍ទាំងនេះ បានផ្ដល់លទ្ធភាពដល់សិស្សនិស្សិតកម្ពុជាសម្រេចក្ដីសុបិននៃការអប់រំសម្រាប់អនាគតរបស់ពួកគេ។
ក្រៅពីការជួយគាំទ្រដល់ផ្នែកអប់រំនៅកម្ពុជា ក្រុមហ៊ុន SCG ក៏បានជួយគាំទ្រដល់ផ្នែកថែទាំសុខភាពនៅប្រទេសនេះផងដែរ ជាពិសេស ក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតកូវីដ១៩។ កាលពីខែមេសា អេសស៊ីជី បានប្រគល់ប្រអប់របាំងសុវត្ថិភាពវេជ្ជសាស្ត្រចំនួន ៥០ប្រអប់ ដល់ក្រសួងសុខាភិបាល ដើម្បីជួយគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះក្រុមហ៊ុនបានចែកជូនម៉ាស និងទឹកអាល់កុលលាងសម្អាតដៃ ដល់អតិថិជនរបស់ខ្លួន នគរបាល អ្នករត់ម៉ូតូឌុប និងកង់បី ដោយរួមចំណែកដល់ការងារបង្ការការឆ្លងវីរុសកូវីដ១៩ផងដែរ៕