(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចម្រាញ់កីឡាករឆ្នើមៗមកពីសាលាតម្រង់ទិសទាំង ២៥រាជធានី-ខេត្ត ចូលរួមហ្វឹកហាត់បំប៉ន ឬកម្មវិធី Training Camp នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ ហើយបានបញ្ចប់យ៉ាងជោគជ័យ ក្រោយដំណើរការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៧-១១ ខែកញ្ញា ឆ្នាំ២០២០។
ទន្ទឹមជាមួយគ្នាលោក ឃួន ឡាបូរ៉ាវី មន្ដ្រីបច្ចេកទេសរបស់សហព័ន្ធ ដែលចូលរួមចែករំលែកចំណេះដឹងផ្នែកបាល់ទាត់ផ្ទាល់ដល់ពួកគេ បានចាត់ទុកជាកម្មវិធីនេះ គឺជាកម្មវិធីដ៏មានអត្ថប្រយោជន៍សម្រាប់យុវជន នៅតាមសាលាតម្រង់ទិសនីមួយៗ ដើម្បីទទួលបាននូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗក្នុងការធ្វើជាដើមទុនបន្ថែមក្នុងអាជីពបាល់ទាត់។
អតីតខ្សែប្រយុទ្ធឆ្នើមកម្ពុជារូបនេះបញ្ជាក់ថា «គោលដៅរបស់យើង គឺសហព័ន្ធចង់លើកទឹកចិត្តឲ្យសាលាតម្រង់ទិសនៃរាជធានី-ខេត្តនីមួយៗ បញ្ជូនកីឡាករល្អៗ ដែលមានសក្ដានុពលប្រចាំក្រុមរបស់គាត់មកចូលរួមជាមួយគ្នា និងមានការចែករំលែកបទពិសោធន៍ក្រុមការងារបច្ចេកទេសរបស់សហព័ន្ធផ្ទាល់។ ម្យ៉ាងគឺចង់ឲ្យគាត់ផ្លាស់ប្ដូរបរិស្ថានមួយថ្មី ជារួមចង់ឲ្យគាត់ទទួលបាននូវអ្វីដែលថ្មី សម្រាប់អាជីពបាល់ទាត់»។
លោក ឡាបូរ៉ាវី បញ្ជាក់បន្ថែមថា «ខ្ញុំគិតថា កម្មវិធី Training Camp គឺល្អ ក្នុងការកៀគរយុវជនមកពីតំបន់ផ្សេងៗគ្នាឲ្យគាត់ចូលរួមហ្វឹកហាត់រួមគ្នា និងផ្លាស់ប្ដូរបទពិសោធន៍ របៀបរស់នៅ ហើយសម្របខ្លួនតាមរយៈបាល់ទាត់ ព្រោះបាល់ទាត់មិនអាចហាត់ ឬលេងនៅតែផ្ទះទេ គឺត្រូវមានការប្រកួតក្រៅដី ឬហ្វឹកហាត់ឆ្ងាយ ដើម្បីជាបទពិសោធន៍មួយដ៏ល្អ សម្រាប់អ្នកចង់ក្លាយជាកីឡាករអាជីពផងដែរ»។
អតីតម្ចាស់ស្បែកមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៤សម័យបន្ថែមថា កម្មវិធី Training Camp របស់សហព័ន្ធនេះ គឺធ្វើរៀងរាល់ឆ្នាំ មានទាំងក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ហើយលោកក៏ចាត់ទុកកម្មវិធីនេះ ជាឱកាសល្អ ដើម្បីយុវជនមកពីសាលាតម្រង់ទិសនីមួយៗ បង្ហាញសមត្ថភាព អាចក្លាយជាសមាជិកក្រុមយុវជនបាទីដែរ ព្រោះអំឡុងពេលហ្វឹកហាត់ ក៏មានការពិនិត្យផ្ទាល់ពីគ្រូបាទីទៀតផង៕