(កាតាឡាំង)៖ ក្លិបបាល់ទាត់លំដាប់កំពូលអេស្ប៉ាញ FC Barcelona បានកំណត់យកថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២១ ជាពេលវេលាធ្វើការបោះឆ្នោតជ្រើសរើសប្រធានថ្មី។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

លោក Josep Maria Bartomeu បានកំពុងកាន់តំណែងប្រធានក្លិបដែលស្ថិតក្នុងទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ ពោរពេញដោយភាពរង្គោះរង្គើ និងជិតផុតអាណត្តិផងនោះ។

ក្លិបអ្នកមានបុណ្យ Barcelona បានកំណត់យកថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២១ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មីដែលស្ថិតក្នុងក្របខណ្ឌលីគបាល់ទាត់អេស្ប៉ាញ ខណៈកាលបរិច្ឆេទចាស់គ្រោងធ្វើឡើងនៅអំឡុងខែមករា ឬខែមីនា ឆ្នាំនេះ តែត្រូវបានខកខានវិញ ដោយសារវិបត្តិ COVID-19។

កាលពីរដូវកាលឆ្នាំ២០១៩-២០២០ លោក Bartomeu និងក្រុមការងារត្រូវបានទទួលរងការរិះគន់ជាខ្លាំង ដោយហេតុថាក្លិបនេះបានធ្លាក់ចុះទាំងការប្រកួតលើទីលាន រួមជាមួយរងជើងឯក LaLiga និងចាញ់ក្រុម Bayern Munich ៨-២ នៅ UEFA Champions League វគ្គ ៨ក្រុមចុងក្រោយ៕