(អាមេរិក)៖ ត្បិតតែទ្វីបលោកខាងលិចត្រូវបានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ក្ដី ក៏ប៉ុន្តែតួលេខនៃការលក់ស្មាតហ្វូន​ប្រើប្រាស់ 5G នៅឆ្នាំ២០២០នេះ ត្រូវបានក្រុមអ្នកវិភាគប៉ាន់ប្រមាណថា កើនឡើងខ្ពស់ ហើយអាចនឹងកើនឡើងទ្វេដងនៅឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

តាមរយៈរបាយការណ៍របស់ក្រុមអ្នកវិភាគ Canalys បានឱ្យដឹងថា ស្មាតហ្វូនប្រើប្រាស់ 5G នឹងអាចលក់បានរហូតដល់ ២៧៨លានគ្រឿង​ទូទាំងពិភពលោកនៅក្នុងឆ្នាំ២០២០នេះ ដោយក្នុងនោះមាន ៦២ភាគរយ ឬ ១៧២លានគ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិន។

ជាមួយគ្នានេះផងដែរ ស្ថាប័នវិភាគ Canalys បានព្យាករណ៍ថា នៅឆ្នាំ២០២១ តួលេខនៃការលក់ស្មាតហ្វូន 5G នឹងកើនឡើងទ្វេដងបើធៀបនឹង​ឆ្នាំ២០២០ ដោយក្នុងនោះចិននាំមុខគេដដែល ជាទីផ្សារលក់ដាច់ច្រើនជាងគេ ដែលមានចំនួន ៣០៥លានគ្រឿង ខណៈដែលទីផ្សារអាមេរិក​ខាង​ជើង​មានចំនួន ៩២លានគ្រឿង។

គួរបញ្ជាក់ផងដែរថា តម្លៃស្មាតហ្វូន 5G នៅទីផ្សារអឺរ៉ុបប្រហែលជា ៧៦៥ដុល្លារអាមេរិក ហើយនឹងធ្លាក់ចុះមកនៅត្រឹម ៤៧៧ដុល្លារអាមេរិក នៅឆ្នាំ​២០២៤ ខណៈដែលនៅពេលនេះ Realme V3 5G ជាស្មាតហ្វូន 5G ដំបូងគេមានតម្លៃ ១៥០ដុល្លារអាមេរិក៕