(កូរ៉េ)៖ តារាសម្តែងល្បីឈ្មោះរបស់កូរ៉េខាងត្បូង លោក Kim Woo-Jin ដែលជាអតីតសមាជិកក្នុង Stray Kids និងជាអតីតសិល្បករក្នុងផលិតកម្ម JYP បានចេញមុខបដិសេធ ក្រោយមានការចោទប្រកាន់ថា លោកបានបៀតបៀនផ្លូវភេទលើនារីពីរនាក់ ខណៈការចោទប្រកាន់នេះ ហាក់បីដូចជាល្បីល្បាញខ្លាំងក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sounth China Morning Post នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងសប្តាហ៍នេះមាននារីម្នាក់និងមិត្តរបស់នាង (មិនបញ្ចេញឈ្មោះ) ដែលជាអ្នកលេងបណ្តាញសង្គម Twiiter បានបង្ហោះសារថា ពួកនាងត្រូវបានតារាល្បីម្នាក់បំពានផ្លូវភេទ។ ការបង្ហោះសារនេះគឺធ្វើឡើងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។ នារីទាំងពីរនាក់នោះ បានអះអាងថា ពួកនាងបានជួប Woojin ក្នុងក្លឹបកំសាន្តមួយកន្លែងក្នុងទីក្រុងសេអ៊ូល ពោលគឺនៅពេលដែលវីរុស COVID-19 ផ្ទុះឡើង។ បន្ទាប់មក តារាសម្តែង Kim Woo-Jin បានព្យាយាមស្ទាបអង្អែលរាងកាយពួកនាង ទាំងគ្មានការអនុញ្ញាត។

ទោះបីជានារីទាំងពីរនាក់នោះ មិនបានបញ្ចេញអត្តសញ្ញាណចំៗ ថានរណាជាអ្នកបំពានផ្លូវភេទលើនាង ប៉ុន្តែនាងគ្រាន់តែអះអាងថា បុរសម្នាក់នោះមានឈ្មោះផ្តើមដោយ «Woo» ជាតារាមកពីផលិតកម្មធំមួយ។ យ៉ាងណាមិញ ក្រោយបង្ហោះសារទាំងនេះ គេសង្កេតឃើញថា នារីពីរនាក់នោះ បានលុបសាររបស់ពួកគេ ដែលបានបង្ហោះក្នុង Twiiter ចោលទាំងអស់។ នេះបើតាមបញ្ជាក់របស់ក្រុមហ៊ុនផលិតកម្មកូរ៉េខាងត្បូង។

បន្ទាប់ពីទទួលបានសារចោទប្រកាន់ទាំងនោះ តារាប្រុស Kim Woo-Jin បានចេញមុខមកបដិសេធភ្លាមតាមរយៈសារ Twiiter ដោយសរសេរថា «ថ្ងៃនេះ ខ្ញុំទទួលបានសារមិនសមហេតុផលមួយ ដោយមានបុគ្គលមួយចំនួនបង្ហោះពាក្យចចាមអារ៉ាមលើ Twiiter របស់ពួកគេ បន្ទាប់មកបានលុបចេញ។ ខ្ញុំមិនធ្លាប់ស្គាល់ពួកគេនោះទេ ហើយខ្ញុំក៏មិនធ្លាប់ទៅកន្លែងដែលពួកគេបានលើកឡើងខាងលើដែរ។ ខ្ញុំដឹងថា អ្នកគាំទ្រជាច្រើន បានតក់ស្លុតនិងភ្ញាក់ផ្អើលចំពោះដំណឹងនេះ ប៉ុន្តែសូមកុំបារម្ភច្រើនពេកអី ពីព្រោះវាមិនមែនជាការពិតនោះទេ»