(ភ្នំពេញ)៖ អ្នកចាំទីដៃទី១ របស់ក្លិបភ្នំពេញក្រោន អ៊ុ វិចិត្រ បានបង្ហាញនូវទំនុកចិត្តយ៉ាងមុតមាំសម្រាប់ ៤ប្រកួតចុងក្រោយក្នុងជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ ហើយបានចាត់ទុកគ្រប់ការប្រកួតសេសសល់ ដូចជាការប្រកួតផ្ដាច់ព្រ័ត្រអញ្ចឹង ទោះបីក្រុមខ្លួនស្ទើរតែអស់ឱកាសប្រជែងពានក៏ដោយ។

ការលើកឡើងនេះ គឺមុន ១ថ្ងៃ ដែលភ្នំពេញក្រោន ត្រូវជួបក្រុមម្ចាស់ផ្ទះវិសាខានៅកីឡដ្ឋានព្រីនស៍ស្អែក។ វិចិត្រ អះអាងថា ខ្លួនបានត្រៀមរួចរាល់សម្រាប់ការប្រកួតនេះ ក៏ដូចជាការប្រកួតនៅសល់។ អ្វីដែលពិសេស គេបានថ្លែងបែបសុទិដ្ឋិនិយមថា បន្ទាប់ពីភ្នំពេញក្រោនបានយកឈ្នះព្រះខ័នរាជស្វាយរៀង កាលពីសប្ដាហ៍មុន បានធ្វើឲ្យក្រុមខ្លាំងនេះកាន់តែទឹកចិត្តប្រយុទ្ធជាងមុនថែមទៀត។

អតីតសមាជិកក្រុមកងយោធពលខេមរភូមិន្ទរូបនេះបានបញ្ជាក់លើគេហទំព័រផ្លូវការរបស់អតីតក្លិបជើងឯក ៦សម័យថា «សម្រាប់ការប្រកួតនេះ (វិសាខា ប៉ះភ្នំពេញក្រោន) មិនថាខ្ញុំ និងមិត្តរួមក្រុម គឺពួកយើងបន់ឲ្យតែដល់ថ្ងៃប្រកួត ព្រោះការប្រកួតទាំង៤ ដែលសេសសល់ គឺដូចជាការប្រកួតផ្តាច់ព្រ័ត្រ»។

ដោយឡែកពាក់ព័ន្ធការប្រកួតដ៏ជក់ចិត្តស្អែកនេះ វិចិត្រ លើកឡើងថា «ខ្ញុំដឹងថាការប្រកួតជាមួយវិសាខា មិនមែនជាការប្រកួតដែលងាយស្រួលនោះទេ ដូចជាជើងទី១ យើងបានត្រឹមស្មើជាមួយពួកគេក្នុងដីប៉ុណ្ណោះ ប៉ុន្តែលើកនេះខ្ញុំគិតថា មិនអីនោះទេ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អដូចការប្រកួតជាមួយនឹងស្វាយរៀងដែរ»

គួរបញ្ជាក់ថា បច្ចុប្បន្នភ្នំពេញក្រោន គឺឈរលេខ៣ និងមាន ២៥ពិន្ទុបណ្ដោះអាសន្ន តែចាញ់ប្រៀបក្រុមកំពូលតារាងបឹងកេត ១០ពិន្ទុ។ ដូច្នេះក្នុងសប្ដាហ៍នេះ បើសិនបឹងកេតរកបាន ៣ពិន្ទុបន្ថែមពីការប្រកួតជាមួយក្រុមណាហ្គាវើលដ៏ នោះភ្នំពេញក្រោន រួមទាំង ៣ក្រុមផ្សេងទៀត រួមមានវិសាខា កងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៏ នឹងអស់ឱកាសប្រជែងពានតែម្ដង៕