(ឡុងដ៍)៖ របាយការណ៍ឯករាជ្យមួយចេញពីស្ថាប័នស្រាវជ្រាវ Assembly Research ដែលមានប្រភពនៅចក្រភពអង់គ្លេស បានឱ្យដឹងថា ការរឹតត្បិតក៏ដូចជាការដកក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល Huawei ចេញពីបណ្តាញ 5G របស់ចក្រភពអង់គ្លេសឲ្យដាច់ស្រឡះតែម្តង នៅឆ្នាំ២០២៧ កំពុងជះផលប៉ះពាល់យ៉ាងអវិជ្ជមានដល់ផែនការចាប់ផ្តើមប្រតិបត្តិការបច្ចេកវិទ្យា 5G របស់អង់គ្លេស។
យោងតាមរបាយការណ៍ខាងលើ រដ្ឋាភិបាលអង់គ្លេសនឹងត្រូវប្រឈមការយឺតយ៉ាវរយៈពេលយ៉ាងហោច៣ឆ្នាំ ដើម្បីអាចដាក់ដំណើរការនូវ បច្ចេកវិទ្យា 5G ឲ្យបានទូលំទូលាយ ព្រោះតែការរឹតត្បិតនិងការហាមឃាត់លើក្រុមហ៊ុន Hauawei ហើយការនេះអាចធ្វើឲ្យចក្រភពអង់គ្លេស ខាតបង់សេដ្ឋកិច្ចប្រហែល១៨.២ពាន់លានផោន (ជាង២៣ពាន់លានដុល្លារអាមេរិក) ឯណោះ។
ពីដំបូងៗឡើយបណ្តាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនៅចក្រភពអង់គ្លេស ទទួលបានវឌ្ឍនភាព គួរឲ្យកត់សម្គាល់ ពីការចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា 5G ជាបណ្តើរៗ ហើយវាបានជួយជំរុញឲ្យចក្រភពអង់គ្លេស ទទួលបានឱកាសយ៉ាងប្រសើរ ដើម្បីឆ្ពោះទៅដណ្តើមយកអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងពេលអនាគត។
បើទោះជាយ៉ាងនេះក្តី ដោយសារតែការបន្តដាក់សម្ពាធឥតឈប់ឈរពីសហរដ្ឋអាមេរិក គម្រោងដំណើរការបច្ចេកវិទ្យា 5G នៅចក្រភពអង់គ្លេសក្រោមការសហការជាមួយក្រុមហ៊ុន Huawei ក៏បានរងការប៉ះពាល់ ដែលជាលទ្ធផល វាជះផលអាក្រក់ទៅលើប្រយោជន៍សេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា 5G របស់ចក្រភពអង់គ្លេស។
របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា ប្រសិនបើចក្រភពអង់គ្លេសនៅមិនអាចរក្សាបានតំណែងជាអ្នកដឹកនាំបច្ចេកវិទ្យា 5G អន្តរជាតិនោះទេ ចក្រភពអង់គ្លេសនឹងបាត់បង់ឱកាសទទួលបានទាំងស្រុងនូវកំណើន GDP ទំហំ១៧៣ពាន់លានផោន ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ គឺចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣០។
ភាពជាអ្នកដឹកនាំពិភពលោកផ្នែក 5G មានសារៈសំខាន់ណាស់ក្នុងការជួយឲ្យចក្រភពអង់គ្លេសទទួលបានប្រយោជន៍មុនគេ ពីសក្តានុពលនៃបច្ចេកវិទ្យា 5G ដើម្បីបង្កើតឱកាសថ្មីៗដល់អាជីវកម្មតាមផ្ទះ និងជំរុញអោយមានការវិនិយោគក្នុងស្រុកនៅចក្រភពអង់គ្លេស ដែលទាំងពីរយ៉ាងនេះជាការរួមចំណែក ក្នុងការបង្កើតឡើងនូវការដឹកនាំសេដ្ឋកិច្ចពិភពលោកផ្នែកឌីជីថល។
ផលប៉ះពាល់សេដ្ឋកិច្ចប្រមាណ ១៨.២ពាន់លានផោន ដោយសារការពន្យាពេល៣ឆ្នាំ នឹងធ្វើអោយអត្ថប្រយោជន៍ផលិតភាពទំហំ ១០ពាន់លានផោន ត្រូវបាត់បង់ទាំងស្រុង។ នៅក្រោមបរិបទដែលចក្រភពអង់គ្លេស មិនមែនអ្នកដឹកនាំពិភពលោកលើបច្ចេកវិទ្យា 5G វិស័យទូរស័ព្ទចល័តអង់គ្លេសនឹងបាត់បង់ឱកាសរកចំណូលប្រមាណជា ៤.៧ពាន់លានផោន ហើយវិស័យដែលជាប់ពាក់ព័ន្ធនឹងត្រូវខាតបង់ប្រមាណ ២ពាន់លានផោន។
លោក Matthew Howett ដែលជានាយកផ្នែកស្រាវជ្រាវនិងស្ថាបនិករបស់ស្ថាប័ន Assembly Research បាននិយាយក្នុងរបាយការណ៍ថា៖ «លទ្ធផលនៃការរឹតត្បិតលើក្រុមហ៊ុន Huawei នៅក្នុងចក្រភពអង់គ្លេស នឹងធ្វើឲ្យប្រតិបត្តិករផ្នែកទូរស័ព្ទចល័តត្រូវខាតបង់ទឹកប្រាក់អស់ជាច្រើនពាន់លានផោន ក្នុងការប្រមូលយកឧបករណ៍ 5G របស់ Huawei ចេញពីបណ្តាញពួកគេវិញ»។ របាយការណ៍នេះបានអះអាងសាជាថ្មីថា វាប្រហែលជាមានការខាតបង់ដែលមិនបានគិតទុកជាមុនផ្សេងៗទៀតទៅលើសេដ្ឋកិច្ច និងមានការជះឥទ្ធិពលមិនល្អទៅលើផលិតភាព ដែលគួរតែទទួលបាននៅពេលដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យា 5G ហើយនេះជាទំហំដែលចក្រភពអង់គ្លេសអាចទទួលរងផលប៉ះពាល់ បើមើលទៅតាមស្ថានភាពសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន»។
លោក Victor Zhang អគ្គនាយករងរបស់ក្រុមហ៊ុន Huawei បានលើកឡើងដូច្នេះថា៖ «ការស្រាវជ្រាវថ្មីនេះបង្ហាញថាការដាក់សម្ពាធពីរដ្ឋាភិបាលអាមេរិក បានជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ទៅលើសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ហើយបានបង្កការរាំងស្ទះដល់ភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា 5G របស់ចក្រភពអង់គ្លេស។
គួរជម្រាប់ថា សម្រាប់ Huawei ក្រុមហ៊ុនបច្ចេកវិទ្យានេះ នៅតែបន្តមានគោជំហររីករាយនឹងសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ជានិច្ច ហើយ Huawei បានទទូចឲ្យចក្រភពអង់គ្លេសគួរពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន៕
* សម្រាប់របាយការណ៍ពេញលេញអំពី «ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃការដាក់ដំណើរការយឺតយ៉ាវនៃប្រព័ន្ធ 5G នៅចក្រភពអង់គ្លេស» អាចទាញយកតាមតំណនៅទីនេះ៖ (https://static1.squarespace.com/static/59ca375d80bd5e1a6eaed324/t/5f58fb7023d5c611028d482e/1599667057207/Macroeconomic+impact+of+a+delayed+5G+roll-out+in+the+UK.pdf)