(ភ្នំពេញ)៖ ភាពយន្តបង្កប់សារអប់រំដល់យុវវ័យ នាពេលបច្ចប្បន្ន នៅពេលដែលពួកគេបានប្រព្រឹត្តិនូវទង្វើខុសឆ្គងអ្វីមួយក្នុងសង្គម និងត្រូវបានលើកទឹកចិត្តឲ្យដើរលើផ្លូវ ដែលសង្គមទទួលស្គាល់វិញ មានចំណងជើងថា «១៩ឆ្នាំ» ឬ «Nineteen Us?» នឹងលេចចេញជារូបរាងនៅដើមឆ្នាំ២០២១ ខាងមុខនេះ។ ភាពយន្តនេះត្រូវបានរៀបធ្វើពិធីក្រុងពាលីចេញថត នារសៀលថ្ងៃទី១១ ខែកញ្ញាម្សិលមិញនេះ នៅក្នុងស្ថានីយទូរទស្សន៍ My TV ក្រោមវត្តមានលោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន CBS ព្រមទាំងអ្នកដឹកនាំរឿង, អ្នកផលិតកម្មវិធី ក្រុមការងារ និងតារាសម្ដែងប្រុសស្រីជាច្រើននាក់។
ថ្លែងប្រាប់ Fresh News Plus អ្នកផលិតកម្មវិធី និងជាអ្នកដឹកនាំសម្ដែងរឿង កញ្ញា ភា បុទុមស្រីពង្ស បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការផលិតភាពយន្តរឿង «១៩ឆ្នាំ» ឬ «Nineteen Us?» នេះឡើង គឺយើងចង់ផ្ដោតសំខាន់ទៅលើការផ្ដល់ជាសារអប់រំ ទៅដល់យុវវ័យសម័យថ្មី។ យើងដឹងហើយថា យុវវ័យម្នាក់ៗតើគាត់មានរឿងអ្វីខ្លះដែលជួបប្រទះ ព្រោះជាធម្មតាភាគច្រើនយុវវ័យដែលមានអាយុ១៩ឆ្នាំ តែងតែគិតរឿងស្នេហា ប៉ុន្តែក្នុងរឿងនេះ គឺមិនដូច្នេះទេ តើពួកគាត់ត្រូវធ្វើអ្វីខ្លះ ក្រៅពីមានស្នេហា? ប្រសិនបើយុវវ័យម្នាក់ដើរលើផ្លូវអាក្រក់ តើមានមូលហេតុអ្វីខ្លះ ដែលជំរុញឲ្យពួកគេដើរលើផ្លូវអាក្រក់? យើងគួរស្វែងយល់ពីមូលហេតុ និងចំណង់ចំណូលចិត្តរបស់ពួកគេឲ្យបានច្បាស់លាស់។
ផលិតកវ័យក្មេងរូបនេះបន្តទៀតថា ភាពយន្តរឿង «១៩ឆ្នាំ» ក្រៅពីបង្ហាញជាសារអប់រំច្រើន ក្នុងភាពយន្តនេះ ក៏បានឆ្លុះបញ្ចាំងពីការអប់រំរបស់មាតាបិតា ឬអាណាព្យាបាលចំពោះកូនៗ ក្នុងរបត់សង្គមសម័យថ្មី ព្រោះក្រៅពីការអប់រំក្នុងសាលា នៅពេលពួកគេកំពុងសិក្សា មាតាបិតា ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំប្រៀនប្រដៅ ដើម្បីតម្រង់ទិសកូនចៅឲ្យដើរលើផ្លូវត្រូវ។ យុវវ័យត្រូវការការតម្រង់ទិស ខណៈចំណង់ចំណូលចិត្តខុសៗគ្នា។ ឧទាហរណ៍ថា គាត់ចូលចិត្តស្លៀកខ្លី គាត់មានចរិតច្រឡឹម ចាក់សាក់លើខ្លួនជាដើម សួរថា តើមូលហេតុអ្វីទើបគាត់ធ្វើបែបនេះ ហើយការធ្វើបែបនេះ មិនមែនសុទ្ធសឹងតែជារឿងអាក្រក់នោះទេ។ យើងត្រូវមានការលើកទឹកចិត្តដល់ពួកគាត់ និងតម្រង់ទិសឲ្យក្លាយទៅជាបទពិសោធន៍មួយ ផ្ដល់ជាការអប់រំដល់យុវវ័យដទៃទៀត។
អ្នកដឹកនាំរឿងរូបនេះបានសង្កត់ធ្ងន់ទៀតថា កញ្ញាពិតជារីករាយណាស់ ពេលដែលបានបញ្ចេញស្នាដៃផ្ដល់ជាសារអប់រំ ក្នុងផ្នត់គំនិតយុវវ័យបច្ចុប្បន្ន ហើយប្អូនរំពឹងថា រឿង«១៩ឆ្នាំ»ឬ «Nineteen Us?» នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ និងអ្នកចូលចិត្តតាមដានទស្សនាភាពយន្តខ្មែរ ព្រោះនេះជាស្នាដៃជួយលើកស្ទួយវិស័យភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើន និងជាវេទិកាមួយផ្ដល់បទពិសោធន៍ថ្មីៗបន្ថែមទៀត ដល់តួសម្ដែងដែលសុទ្ធសឹងជាយុវវ័យ។ យ៉ាងណាមិញ តួសម្ដែងក្នុងរឿងនេះ គឺយើងបានផ្ដល់អាទិភាពដល់ប្អូនៗយុវជន-យុវនារី ដែលមិនមែនជាតារាអាជីព ប៉ុន្តែពួកគេមានចំណង់ចំណូលចិត្តទៅលើការសម្ដែង ទៅលើវិស័យភាពយន្ត គឺនឹងផ្ដល់ឲ្យពួកគេបញ្ចេញសមត្ថភាព និងទេពកោលសល្យ តាមអ្វីដែលអាចធ្វើទៅបាន និងប្រកបដោយការជឿទុកចិត្ត។
តួឯកប្រុសស្រីក្នុងរឿង «១៩ឆ្នាំ»ឬ «Nineteen Us?» កញ្ញា ស្រេង ហាក់ដាលីណា និងលោក ចាដេត បានថ្លែងប្រាប់ Fresh News Plus ស្រដៀងគ្នាថា អ្នកទាំងពីរពិតជាមានអារម្មណ៍រំភើបរីករាយ ដែលមានឱកាសបានសម្ដែងរួមគ្នាក្នុងភាពយន្តនេះ។ ឆ្លងកាត់បទពិសោធន៍ខ្លះៗ ដែលអ្នកទាំងពីរធ្លាប់សម្ដែងកន្លងមក ពួកគេនឹងបញ្ចេញឲ្យអស់ពីសមត្ថភាព និងផ្ដល់ជាសារអប់រំជាច្រើន ក្នុងរឿងដល់យុវវ័យទាំងអស់។ អ្នកទាំងពីរបានបន្តថា ជាការពិតយុវវ័យបច្ចុប្បន្ននេះ តែងតែមានរឿងរ៉ាវផ្សេងៗពីគ្នា មានទាំងរឿងល្អ និងរឿងអាក្រក់ ប៉ុន្តែក្នុងភាពយន្តនឹងពន្យល់ណែ នាំពួកគេ ឲ្យមានការជ្រើសរើសផ្លូវមួយដ៏ល្អ ក្នុងវ័យដែលពួកគេកំពុងជួបប្រទះ និងប្រព្រឹត្តិទង្វើណាល្អៗសង្គមទទួលស្គាល់។
សូមបញ្ជាក់ថា ភាពយន្តរឿង «១៩ឆ្នាំ»ឬ «Nineteen Us?» មានចំនួន១២ភាគ មានការចូលរួមសម្ដែងដោយយុវវ័យជាច្រើនមានដូចជា លោក ចាដេត, លោក ផាន់ណា, លោក ណារ៉ាឌី, កញ្ញា ដាលីណា, កញ្ញា វីណា, កញ្ញា វិច្ឆិកា ព្រមទាំងយុវវ័យមួយចំនួនទៀត។ រឿងនេះនឹងបញ្ចប់ការថតនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយនឹងត្រូវដាក់បញ្ចាំង ចំថ្ងៃទិវានៃក្ដីស្រឡាញ់ គឺថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ នៅលើបញ្ចក់ទូរទស្សន៍ MY TV ក្នុងកម្មវិធី «My Tv Original The Series»៕