(ភ្នំពេញ)៖ ក្រុមហ៊ុនម្សៅទឹកដោះ Nutrilatt បានចេញលិខិតសូមអភ័យទោស ចំពោះកំហុសឆ្គងផ្សេងៗ និងកំហុសលើសេចក្ដីបំភ្លឺ ប៉ះពាល់ដល់អគ្គនាយកដ្ឋាន (ក.ប.ប) ពាក់ព័ន្ធនឹងដំណើរការនីតិវិធីស៊ើបអង្កេត លើផលប៉ះពាល់ដល់ទារក ដោយសារទឹកដោះគោម៉ាក Nutrilatt។
តាមលិខិតសូមអភ័យទោស របស់ក្រុមហ៊ុនម្សៅទឹកដោះ Nutrilatt ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
«នាងខ្ញុំ ពិតជាមានការសោកស្ដាយជាពន់ពេក ចំពោះកំហុសដោយអចេតនា របស់ក្រុមហ៊ុននាងខ្ញុំ ក្នុងការសេចក្ដីថ្លែងការណ៍កន្លងមក ដែលបំភ្លឺលើអង្គហេតុនានា ជុំវិញនីតិវិធីស៊ើបអង្កេត របស់អគ្គនាយកដ្ឋាន ក.ប.ប ពាក់ព័ន្ធនឹងគុណភាពនៃសមាស ធាតុផ្សំ ក្នុងទឹកដោះគោម៉ាក Nutrilatt។
រាល់កំហុសខុសឆ្គង ពីការខ្វះការពិចារណាគ្រប់ជ្រុងជ្រោយ ធ្វើឲ្យប៉ះពាល់កិត្តិនាម នៃស្ថាប័ន ក.ប.ប ទាំងមូល ជាពិសេសអាច នាំឲ្យមានការយល់ច្រឡំ ពីសាធារណៈជន មកលើចំណាត់ការនីតិវិធីរបស់ស្ថាប័នរដ្ឋ ក្នុងការស្វែងរកការពិតនេះ។
តាមរយៈលិខិតនេះ នាងខ្ញុំ សូមអភ័យទោសចំពោះ ឯកឧត្តមអគ្គនាយក និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋាន ក.ប.ប គ្រប់រូប ចំពោះកំហុសទាំងឡាយដោយចេតនាក្ដី និង អចេតនាក្ដី ដែលធ្វើឲ្យប៉ះពាល់ ដល់អគ្គនាយកដ្ឋានកន្លងមក។
យើងខ្ញុំសូមធានាអះអាងថា នឹងចូលរួមសហការជាមួយនឹងអគ្គនាយកដ្ឋាន ក.ប.ប ក្នុងនីតិវិធីនៃការស៊ើបអង្កេតលើករណី នេះ ក៏ដូចជាសហការអនុវត្តគ្រប់វិធានការ ណែនាំចំពោះករណីផ្សេងៗទៀត ដើម្បីធានានូវសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់។
សូមឯកឧត្តមអគ្គនាយក និងមន្ត្រីរាជការគ្រប់រូប នៃអគ្គនាយកដ្ឋាន ក.ប.ប មេត្តាយោគយល់សណ្ដោសអធ្យាស្រ័យ ចំពោះទោសកំហុសរបស់ក្រុមហ៊ុននាងខ្ញុំ ដោយក្ដីអនុគ្រោះ»៕
ខាងក្រោមនេះ ជាលិខិតសូមអភ័យទោស របស់ក្រុមហ៊ុនម្សៅទឹកដោះ Nutrilatt ៖