(ភ្នំពេញ)៖ បន្ទាប់ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបញ្ចេញនូវបទចម្រៀងមួយបទ «ខែភ្ជុំជ្រូកយំពេញទ្រុង» ក្នុងផលិតកម្ម Galaxy Navatra ដែលជាបទដំបូងរួចមក គេសង្កេតឃើញថា មានការគាំទ្រខ្លាំង រហូតបញ្ចេញត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ មានអ្នកចូលទស្សនាដល់ទៅជាង ១.៤លានដងទៅហើយ ខណៈបទចម្រៀងនេះ គឺបានបង្កប់អត្ថន័យអប់រំច្រើន ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។
កវីនិពន្ធបទចម្រៀង និងជាអ្នកគ្រប់គ្រងទូទៅនៅក្នុងផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកនេះថា «ចំពោះអត្ថន័យបទថ្មីដំបូងរបស់លោក ព្រាប សុវត្ថិ ដែលមានចំណងជើងថា ខែភ្ជុំជ្រូកយំពេញទ្រុង នេះ គឺបានបង្កប់ការអប់រំជាច្រើន ពោលគឺបានរៀបរាប់ពីទំនៀមទំលាប់ប្រពៃណីខ្មែរ តាំងពីដើមរហូតមកទល់នឹងបច្ចុប្បន្ន អំពីការធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃ។ បន្ថែមពីនេះ គឺបានបង្ហាញពីការស្លៀកសម្លៀកបំពាក់ប្រពៃណីពេលទៅវត្តទៅវ៉ា ពោលមិនត្រូវស្លៀកខ្លី ខើចលើខើចក្រោមឡើយ ខណៈប្រុសៗកុំឲ្យផឹកស្រាក្នុងវត្តជាដើម»។
«បុរាណក៏ត្រូវថែទាំ សម័យថ្មីចំក៏ត្រូវដឹងពេល...បុរាណក៏ត្រូវរក្សា សម័យហ៊ឺហាក៏ត្រូវអភិវឌ្ឍន៍» ជាខ្លឹមសារអប់រំដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងចម្រៀងមួយបទនេះ។
ការបញ្ជាក់ពីខ្លឹមសារចម្រៀងមួយបទនេះ ពីសំណាក់លោក យឹម តាស្រង់ គឺបន្ទាប់ពីសង្កេតឃើញថា បទនេះផ្ទុះការគាំទ្រខ្លាំង ដោយចំនួនអ្នកចូលទស្សនា គឺមានការកើនឡើងជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។
គួររំឭកថា តារាចម្រៀង ព្រាប សុវត្ថិ បានចូលផលិតកម្ម Galaxy Navatra ជាផ្លូវការនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដោយមានការទទួលស្វាមគមន៍យ៉ាងកក់ក្តៅ ពីក្រុមគ្រួសារ Galaxy Navatra តាមរយៈការៀបចំព្រឹត្តិការណ៍ ទទួលស្វាគមន៍មិនធ្លាប់មានពីមុនមករបស់ផលិតកម្មមួយនេះ។ លោក ព្រាប សុវត្ថិ ធ្លាប់បានបញ្ជាក់ក្នុងកម្មវិធីនោះថា លោកនឹងមានអ្វីដែលថ្មីៗ និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន ហើយលោកសង្ឃឹមថា ទោះទៅដល់ទីណាក៏នៅតែមានទស្សនិកជនគាំទ្រដែរ៕