(កូរ៉េ)៖ ជាថ្មីម្តងទៀត តារាចម្រៀង និងជាតារាសម្តែងល្បីរបស់កូរ៉េខាងត្បូង Suzy បានធ្វើការបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ជួយដល់កុមារដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ខណៈនៅថ្ងៃទី១១ ខែកញ្ញា ម្សិលមិញ មូលនិធិ «Babo Nanum» បានប្រកាសថា Suzy បានបរិច្ចាគប្រាក់ ៥០លានវ៉ុន ប្រមាណជា ៤២,១០០ដុល្លារអាមេរិក ដើម្បីជួយដល់កុមារ សម្រាប់បន្តការសិក្សារៀនសូត្រ និងសម្រេចក្តីស្រមៃរបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។
បើយោងតាមមូនិធិខាងលើ បានឲ្យដឹងថា តារាស្រី Suzy មានការព្រួយបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ចំពោះយុវជននិងកុមារ ជាពិសេសពួកគេកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ។ ទន្ទឹមគ្នានេះ នាងសង្ឃឹមថា ការបរិច្ចាគប្រាក់នៅពេលនេះ នឹងជួយផ្គត់ផ្គង់យុវជននិងកុមារ ដែលកំពុងខ្វះខាតបានមួយផ្នែក ដើម្បីឲ្យពួកគេបន្តការសិក្សារ និងសម្រេចក្តីប្រាថ្នារបស់គេ។
ជាការកត់សម្គាល់ តារាស្រី Suzy ជានិច្ចកាលតែងតែធ្វើការបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ដើម្បីជួយដល់ជនខ្វះខាត។ ជាក់ស្តែង ក្នុងឆ្នាំនេះ នាងទើបតែបរិច្ចាគប្រាក់ប្រមាណជា ៨៤,២០០ដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលមួយ ជួយដល់ក្រុមគ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារកូវីដ១៩។ ក្រៅពីនេះ នាងក៏បានធ្វើការបរិច្ចាគជាបន្តបន្ទាប់ ដល់ជនខ្វះខាតក្នុងស្រុក ដែលសកម្មភាពនេះទទួលបានការស្ញប់ស្ញែងជាខ្លាំងផងដែរ៕