(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជាបានបញ្ចប់សប្ដាហ៍ទី១៥ ហើយ ខណៈឱកាសប្រជែងជើងឯក នៅសល់តែ ២ក្រុមប៉ុណ្ណោះ គឺក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត ពិសេសកាន់តែធ្វើឲ្យការប្រកួតតានតឹងថែមទៀត បន្ទាប់ពីក្រុមលោក Conor Nestor បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) ៥-២ គ្រាដែលក្រុមបឹងកេត ស្មើណាហ្គាវើលដ៏ ១-១។

ក្នុងជំនួបដ៏សំខាន់នៅកីឡដ្ឋានស្ដាតចាស់ ដែលទើបបញ្ចប់ការប្រកួតនាព្រលប់ថ្ងៃអាទិត្យនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានព្យាយាមដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះជាខ្លាំង ដើម្បីពង្រឹងឱកាសប្រជែងពាន ហើយពួកគេធ្វើបានយ៉ាងល្អ ដោយស្ពាយ ៣ពិន្ទុពេញត្រឡប់ទៅផ្តះវិញ ។ ៥គ្រាប់របស់ក្រុមភ្ញៀវនេះ គឺធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯងដោយកីឡាករ Privat និងខ្សែប្រយុទ្ធឆ្នើម ប្រាក់ មុន្នីឧត្តម ២គ្រាប់។

រីឯក្រុមបឹងកេត បានបន្ដចែកគ្នា ១ពិន្ទុម្នាក់ជាមួយក្រុមណាហ្គាវើលដ៏ ក្រោយរក្សាលទ្ធផលស្មើគ្នា ១-១ ដូចកាលពីជួបគ្នាជើងទី១ ដែរ ។ ជំនួបដ៏តានតឹងនេះ ក្រុមលោក មាស ចាន់ណា បានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុន ដោយកីឡាករ Marcio ។ បន្ទាប់មកបឹងកេត បានព្យាយាមវាយបក រហូតដល់នាទី៨៨ ទើបខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា រកគ្រាប់តាមស្មើវិញ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

លទ្ធផលខាងលើនេះ បានធ្វើឲ្យគម្លាតពិន្ទុរវាងក្រុមកំពូលតារាង និងក្រុមឈរលេខ២ ខុសគ្នាត្រឹម ២ពិន្ទុប៉ុណ្ណោះ ពោលគឺបឹងកេតមាន ៣៦ពិន្ទុ និងព្រះខ័នរាជស្វាយរៀងមាន ៣៤ពិន្ទុ ។ យ៉ាងណាមិញឱកាសប្រជែងពាន ក៏សល់តែ ២ក្រុមនេះដែរ ។ ចំណែកក្រុមភ្នំពេញក្រោន ទ័ព វិសាខា និងណាហ្គាវើលដ៏ បានអស់ឱកាសទៅហើយ ដ្បិតមានពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាង ខណៈក្រុមនីមួយៗ សល់ត្រឹម ៣ប្រកួតក្នុងដៃប៉ុណ្ណោះ៕