(ភ្នំពេញ)៖ ក្រុមយុវជន U15 វិសាខា បានការពារជើងឯកពានរង្វាន់ KMH Cup U18 2020 ក្រោយយកឈ្នះក្រុមយុវជន U18 បឹងកេតដោយលទ្ធផល ២-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រកាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលាន KMH Park។

ជំនួបដ៏ក្ដៅគគុកលើសមរភូមិវាលស្មៅនេះ ក្រុមទាំងពីរបានវាយសម្រុកគ្នាស្ទើរពេញ ៩០នាទី តែ ៨០នាទីដំបូងគ្មានគ្រាប់បាល់កើតឡើងនោះទេ។ លុះនៅសល់ ១០នាទីចុងម៉ោង ក្រុមយុវជន U15 វិសាខា ក៏រកបាន ២គ្រាប់ផ្ទួនៗ ដោយកីឡាករ នេត ណែត និង វឿន វ៉ា នៅនាទី៨១ និងនាទី៨២ ដែលជួយឲ្យក្រុមខ្លាំងគ្រងតំណែងជើងឯកតែម្ដង។

នេះជាលើកទី២ ហើយ ដែលក្រុមទាំងពីរ ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយក៏ជាលើកទី២ ដែលយុវជនវិសាខា ផ្ដល់ការខកចិត្តដល់ក្រុម U18 បឹងកេត ក្នុងពានរង្វាន់ប្រជុំដោយក្រុមយុវជនក្លិបអាជីពចូលរួមនេះ។ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅក្រុម U18 ISI ដង្កោសែនជ័យ ក្រោយយកឈ្នះក្រុមយុវជននគរបាលជាតិ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ២-២។

សម្រាប់ប្រាក់រង្វាន់ជយលាភី ក្នុងការប្រកួតនេះដែរ ក្រុម U15 វិសាខា ទទួលបានថវិកា ៤,០០០ដុល្លារ ឯក្រុមជើងឯករងបឹងកេត ទទួលបានថវិកា ២,០០០ដុល្លារ។ ចំណែកក្រុមលេខ៣ ISI ដង្កោសែនជ័យ ទទួលបានថវិកា ១,០០០ដុល្លារ ស្របពេលក្រុមលេខ៤ នគរបាលជាតិ ទួលបានថវិកា ៥០០ដុល្លារ ហើយពួកគេ បានឈ្នះពានក្រុម Fair-Play អមនូវថវិកា ៣០០ដុល្លារផងដែរ៕