(ពិភពលោក)៖ តើប្រិយមិត្តអ្នកអានដឹងទេថា មូលហេតុអ្វីបានជាលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក មិនទទួលទានគ្រឿងស្រវឹង? Fresh News Plus នឹងបកស្រាយចំណុចនេះទុកជាចំណេះដឹងទូទៅមួយ ដូចខាងក្រោម។

នៅឆ្នាំ២០១៨ លោក ត្រាំ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំមិនទទួលទានស្រាទេ។ ខ្ញុំមិនដែលទទួលទានស្រាឡើយ។ ហើយខ្ញុំមិនបាននិយាយថា វាល្អឬអាក្រក់ទេ ប៉ុន្តែមានមនុស្សខ្លះចូលចិត្តវា។ ខ្ញុំគ្រាន់តែជ្រើសរើសមិនទទួលទានស្រា ដោយសារតែខ្ញុំមានហេតុផ្ទាល់ខ្លួន»

លោក Tim O’Brien អ្នកសរសេរសៀវភៅស្តីពី «Trump Nation» បានអះអាងថា មូលហេតុដែលលោក ដូណាល់ ត្រាំ មិនហូបស្រា ដោយសារតែគាត់មិនចង់លង់ខ្លួន ដូចបងប្រុសរបស់លោក ដែលជាមនុស្សញៀនស្រា និងស្លាប់នៅអាយុ៤៣ឆ្នាំ កាលពីឆ្នាំ១៩៨១។ បើតាមប្រភពពី Business Insider និងបណ្តាញព័ត៌មានជាច្រើន បានឲ្យដឹងបន្ថែមថា មិនត្រឹមតែមិនទទួលទានស្រាទេ លោក ត្រាំ ក៏មិនជក់បារីផងដែរ។

«ខ្ញុំគិតថា គាត់ខ្លាចដោយសារផលប៉ះពាល់មកពីគ្រឿងស្រវឹង ដែលមនុស្សសេពវាអាចនឹងទទួលផលនោះ ជាក់ស្តែងដូចគាត់ឃើញភស្តុតាងស្រាប់ហើយថា គ្រឿងស្រវឹងបំផ្លាញជីវិតបងប្រុសរបស់គាត់ដោយរបៀបណា។ ហើយខ្ញុំគិតថា គាត់ជាមនុស្សដែលមិនសេពសុរា ក៏ព្រោះតែគាត់ខ្លាចគ្រោះថ្នាក់តែម្តង»។ លោក Tim O’Brien បានបញ្ជាក់បែបនេះ។

សូមជម្រាបដែរថា លោកប្រធានាធិបតីទី៤៥ របស់អាមេរិក ដូណាល់ ត្រាំ កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ គឺជាអ្នកជំនួញជនជាតិអាមេរិក និងជាអតីតបុគ្គលិកស្ថានីយទូរទស្សន៍។ គាត់ក៏ជាប្រធាននៃអង្គការ Trump ដែលជាក្រុមហ៊ុនដ៏ធំមួយ សម្រាប់ការបណ្ដាក់ទុនអចលនទ្រព្យផងដែរ។

លោក ត្រាំ បានកើតនៅឯ Jamaica, Queens ដែលជាសង្កាត់មួយនៅទីក្រុងញូវយ៉ក។ គាត់ជាកូនទី៤ នៃគ្រួសារដែលមានកូនចំនួន៤នាក់ ដែលមានឪពុកជាជនជាតិដើមកំណើតអាឡឺម៉ង់ និងមានម្ដាយជាជនជាតិដើមកំណើតស្កុតលែន ហើយជីដូនជីតារបស់លោកទាំង៤នាក់ សុទ្ធតែបានកើតនៅទ្វីបអឺរ៉ុប។

ក្នុងចំណោមបងប្អូន៤នាក់ មានបីនាក់ដែលនៅមានជីវិតនៅឡើយ មានដូចជា ម៉ារីយ៉ាន អេលីហ្សាប៊ែត និង រ៉ូបឺត។ បងប្រុសរបស់ត្រាំ ដែលមានឈ្មោះថា ហ្វ្រេត បានស្លាប់នៅឆ្នាំ១៩៨១ ដោយសារការញៀនសុរា ហេតុនេះហើយបានជាត្រាំនិយាយថា «គាត់មិនសេពគ្រឿងស្រវឹង ឬក៏ជក់បារីនោះទេ»