(បរទេស)៖ យោងតាមវែបសាយអន្តរជាតិ My International Movers មានប្រទេសសរុបចំនួន១០ ត្រូវបានគេចាត់ទុកជាកន្លែងដែលផ្តល់ភាពស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតចំពោះជនបរទេស។ ដោយមិនខ្វល់ថា ពួកគេសម្រេចចិត្តចង់ផ្លាស់ទីលំនៅ ឬក៏គ្រាន់តែចង់ចំណាយពេលវេលាវិស្សមកាលដ៏ល្អមួយនោះទេ គឺពួកគេគួរតែពិចារណាលើប្រទេសទាំង១០នេះ។

១០៖ ព័រទុយហ្គាល់

ព័រទុយហ្គាល់ ជាកន្លែងដែលមានអាកាសធាតុល្អបំផុតមួយនៅលើពិភពលោក ហើយប្រជាជននៅប្រទេសអឺរ៉ុបមួយនេះក៏ដូចគ្នាដែរ។ បើប្រៀបធៀបជាមួយអេស៉្បាញដែលជាអ្នកជិតខាងខ្លួន ប្រជាជនព័រទុយហ្គាល់មានការដាក់ខ្លួនច្រើន ដែលជាធម្មតាពួកគេមិនសូវមាត់ក ឬក៏អឹមអៀមច្រើន។ ប៉ុន្តែនៅពេលអ្នកស្គាល់ពួកគេ សហគមន៍ព័រទុយហ្គាល់គឺពិតជាមានភាពរាក់ទាក់ណាស់។

៩៖ អៀរឡង់

ជនជាតិអៀរឡង់គឺជាមនុស្សដែលមានចិត្តទូលាយ ហើយរីករាយជានិច្ចនឹងស្តាប់នូវដំណើររឿងរបស់អ្នក។ មិនថាអ្នកគ្រាន់តែជាទេសចរ មកដើរកម្សាន្ត ឬទើបតែផ្លាស់មករស់នៅក្នុងប្រទេសនេះហើយចង់រាប់អានមិត្តភក្តិនោះឡើយ អ្នកនឹងត្រូវពួកគេសួរនាំអំពីបទពិសោធន៍ របស់អ្នកនៅអៀរឡង់ ហើយទទួលបានយោបល់និងការណែនាំផ្សេងៗ ទាក់ទងពីកន្លែងល្អនិងកន្លែងមិនល្អនៅទីនេះ។

៨៖ កូស្តារីកា

ប្រទេសអាមេរិកកណ្តាលមួយនេះ គឺជាកន្លែងមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាទីបំផុតមួយ នៅលើសកលលោកយើងនេះ ហើយវា គ្រាន់តែជាហេតុផលមួយប៉ុណ្ណោះ ដែលកូស្តារីកាមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមជនបរទេស។ ប្រជាជនកូស្តារីកាក៏អស្ចារ្យមិនចាញ់ ទេសភាពរបស់ប្រទេសនេះឡើយ។ ភ្ញៀវទេសចរ ឬជនបរទេសដែលទៅដល់ទីនោះ ពួកគេនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ហើយការរាប់អានមិត្តភក្តិ និងការសម្របខ្លួនជាមួយប្រជាជនកូស្តារី គឺជារឿងងាយស្រួលគួរឲ្យភ្ញាក់ផ្អើល។

៧៖ អ៉ីសឡង់

ប្រទេសដែនកោះតូចមួយនេះ ស្ថិតនៅតំបន់ភាគខាងជើងនៃមហាសមុទ្រអាត្លង់ទិច ហើយកាន់តែមានប្រជាប្រិយភាពជាមួយជនបរទេស។ ក្រៅពីទេសភាព និងអាងទឹកក្តៅធម្មជាតិ Blue Lagoon អ៉ីសឡង់មានប្រជាជនដែលរាក់ទាក់បំផុតមួយ ហើយពួកគេរីករាយជានិច្ច ក្នុងការផ្តល់ការស្វាគមន៍យ៉ាងអស់ពីលទ្ធភាពដល់មនុស្សគ្រប់គ្នា។

៦៖ វៀតណាម

វៀតណាមក៏ជាប្រទេសមួយដែរ ដែលត្រូវគេចាត់ទុកថាមានប្រជាជនរួសរាយរាក់ទាក់ខ្លាំង។

៥៖ ហ្វីលីពីន

មិនថាអ្នកគ្រាន់តែទៅចំណាយពេលវិស្សមកាល ឬក៏ផ្លាស់ទៅរស់នៅក្នុងប្រទេសហ្វីលីពីនទេ គឺអ្នកនឹងអាចស្វែងរកសហគមន៍ ដែលផ្តល់ ការស្វាគមន៍យ៉ាងកក់ក្តៅ ហើយរាក់ទាក់ចំពោះអ្នក។ ហ្វីលីពីនក៏ជាកន្លែងមានវប្បធម៌ចម្រុះ ដែលគួរឲ្យទាក់ទាញសម្រាប់ទាំងភ្ញៀវទេសចរ និងអ្នកចង់ផ្លាស់ទីលំនៅផងដែរ។

៤៖ ម៉ិចស៉ីកូ

ប្រជាជនប្រទេសអាមេរិកឡាទីនមួយនេះ ជាមនុស្សដែលមានឥរិយាបថរួសរាយរាក់ទាក់ចំពោះជនបរទេស ហើយពួកគេរីករាយនឹងស្តាប់នូវបញ្ហារបស់អ្នក និងជួយយកអាសាអ្នកជានិច្ច។

៣៖ កាណាដា

ជាទូទៅប្រជាជនកាណាដា ត្រូវគេចាត់ទុកជា ជនជាតិដែលមានភាពរាក់ទាក់មែនទែន។ យោងតាមការស្ទង់មតិជាច្រើន ប្រទេសអាមេរិក ខាងជើងមួយនេះ តែងតែស្ថិតក្នុងចំណោមប្រទេសដែលរាក់ទាក់បំផុតលើលោក។ ប្រជាជនកាណាដាទាំងអស់ រីករាយនឹងស្វែងយល់អំពីវប្បធម៌ផ្សេងៗ ហើយចូលចិត្តរាប់អានមិត្ត។

២៖ នូវែលសេឡង់

នូវែលសេឡង់ ជាប្រទេសដែលមានទេសភាព ឬឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ចំណែកឯប្រជាជននៅទីនេះវិញ គឺមានឥរិយាបថល្អ និងតែងតែរង់ចាំជួយជនបរទេសជានិច្ច។

១៖ កម្ពុជា

កម្ពុជាត្រូវគេចាត់ទុកជាប្រទេសកំពុងតែប្រែក្លាយជាឋានសួគ៌ សម្រាប់ជនបរទេសដែលមករស់នៅទីនេះ។ បើតាមការស្ទង់មតិភាគច្រើន ប្រជាជនកម្ពុជាគឺមានភាពរួសរាយរាក់ទាក់ និងស្វាគមន៍ជាទីបំផុតចំពោះជនបរទេស មិនថាជាភ្ញៀវទេសចរឬមួយក៏អ្នកផ្លាស់មករស់នៅទីនេះឡើយ៕