(ភ្នំពេញ)៖ លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យ (GRA) បានបង្ហើបចក្ខុវិស័យដ៏វែងឆ្ងាយ ក្នុងការពង្រីកការិយាល័យឲ្យបានគ្រប់ប្រទេស បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ លើពិភពលោកស្ងប់ស្ងាត់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាជំរុញ និងលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) និងការទទួលបានសិទ្ធិលក់ផ្ដាច់មុខគម្រោងខុនដូ Urban Village រវាងសមាគម GRA និងម្ចាស់គម្រោងលោក Ben Lin នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ ទន្ទឹមជាមួយគ្នា លោកបានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះការប្រកាសភាពជាដៃគូគ្នា ដ្បិតនេះគឺជាគម្រោងដំបូង ដែលសមាគមបានយកចូលសមាគម សម្រាប់សមាជិកលក់ទាំងក្នុងស្រុក និងក្រៅស្រុក។

អ្នកជំនាញអចលនទ្រព្យវ័យក្មេងខាងលើបានបញ្ជាក់ថា ដោយសារ GRA មានទស្សនៈចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហេតុនេះសមាគមមិនធ្វើសកម្មភាពតែក្នុងស្រុកនោះទេ ជាក់ស្ដែងការទទួលគម្រោងខុនដូ Urban Village ក៏មិនលក់តែក្នុងស្រុកដែរ លោកនឹងលក់ទៅលើទីផ្សារអន្ដរជាតិ តាមរយៈដៃគូសហការក្រៅស្រុក។ ដូច្នេះទើបលោកសហការជាមួយគម្រោងខុនដូដ៏ធំខាងលើ ដើម្បីណែនាំដល់អតិថិជនរបស់ខ្លួន។

ប្រធាន KW Sam SN Realty ដដែលបន្ដថា «ក្រោយស្ងាត់កូវីដ-១៩ យើងនឹងធ្វើទីផ្សារសកល ព្រោះគម្រោង GRA គឺពង្រីកគ្រប់ប្រទេស និងមានការិយាល័យគ្រប់ប្រទេស ដើម្បីពង្រីកចក្ខុវិស័យរបស់យើង។ ចក្ខុវិស័យរបស់ GRA គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល នាំវិនិយោគិនពីក្រៅចូលស្រុកខ្មែរ ហើយជ្រើសរើសគម្រោងណា ដែលស្របច្បាប់ និងត្រឹមត្រូវឲ្យពួកគាត់។ ចឹងអតិថិជនរបស់យើង មិនមែនមានតែក្នុងស្រុក ឬតែមួយប្រទេសទេ គឺយើងនឹងធ្វើការជាសកល ជាមួយដៃគូក្រៅស្រុករបស់យើង»

ទន្ទឹមជាមួយគ្នាលោក Ben Li ម្ចាស់គម្រោង Urban Village បានបង្ហាញនូវក្ដីរីករាយ ចំពោះកិច្ចសហការជាមួយសមាគម GRA ហើយលោករំពឹងថា នឹងជំរុញឲ្យការលក់ខុនដូកាន់តែរីកចម្រើន ដ្បិតលោកសង្កេតឃើញរយៈពេល ៣ខែចុងក្រោយ ក្នុងឆ្នាំ២០២០ នេះ វិស័យអចលនទ្រព្យកម្ពុជា ពិសេសវិស័យខុនដូ មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

លោកថា «អំឡុងពេលកូវីដ ចាប់ពីខែ១ ដល់ខែ៦ ជាក់ស្ដែងវាជាវិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្ដែក្រឡេកមកមើលពីខែ៦ ដល់ខែ៩ សន្ទុះការទិញ គឺកើនឡើងច្រើន បើប្រៀបធៀបឆ្នាំ២០១៩ ពោលគឺសន្ទុះការទិញ និងតម្រូវការមានការកើនឡើងខ្លាំងមែនទែន។ ដូច្នេះក្រោយចប់កូវីដល្អ ខ្ញុំរំពឹងថា កម្ពុជា គឺជាប្រទេសមួយដែលរីកចម្រើនខ្លាំងជាងគេនៅអាស៊ាន»

សូមបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងផ្ដល់សិទ្ធិលក់ផ្ដាច់មុខដល់សមាគមអចលនទ្រព្យសកលនេះ គឺមិនមានរយៈពេលកំណត់នោះទេ។ បច្ចុប្បន្ន GRA មានសមាជិកជាង ១១០នាក់ ហើយសមាជិកទាំងអស់ ក៏មានសិទ្ធិលក់គម្រោងដំបូង ដែលជាដៃគូសហការរបស់សមាគមនេះផងដែរ៕