(ភ្នំពេញ)៖ នាចុងឆ្នាំ២០២០នេះ ឃើញថា លោក ម៉ឺន ឯកសុភារិទ្ធ ពិធីករដ៏សំបូរវោហាស័ព្ទនិងរូបសង្ហា ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៃ ទូរទស្សន៍ Fresh News ហាក់មានរាសីខ្ពស់ត្រដែត ដោយឃើញថា លោកបានគ្រងតំណែងជាតួឯកបួនរឿងជាប់ៗគ្នា ក្នុងពេលតែមួយ ដែលកំពុងចាក់ផ្សាយក្នុងនាទីម៉ោងមាស (ម៉ោងថ្លៃក្នុងការផ្សាយពាណិជ្ជកម្ម) នៃកញ្ចក់ទូរទស្សន៍៤ព្រមគ្នា។ រឿងទាំងបួននោះ រួមមាន រឿង «ប្រហុកក្រអូប» សម្ដែងជាតួ «ដែន» នៅស្ថានីយទូរទស្សន៍ CTN, រឿង«សំបុត្រពីឋានសួរ» សម្ដែងជាតួ «ប្រាថ្នា» នៅស្ថានីយទូរទស្សន៍បាយ័ន, រឿង«ប្រពន្ធបងមិនល្អមែនទេ?» សម្ដែងជាតួ «លីវ៉ាន» នៅស្ថានីយទូរទស្សន៍ហង្សមាស និងរឿង «ភ្លើងស្នេហ៍» សម្ដែងជាតួរង ឈ្មោះ«សក្តិ» នៅស្ថានីយទូរទស្សន៍បាយ័ន។ រឿងទាំងនោះមានបីរឿងថតដោយយកសំឡេងផ្ទាល់ និងមួយរឿងជាតួបញ្ចូលសំឡេង។

ចង់ដឹងថា តើលោកមានយុទ្ធសាស្រ្តអ្វី ដែលធ្វើឲ្យលោក ទទួលបានជោគជ័យ ក្នុងការងារជាតារាដែលរវល់នឹងការសម្ដែងនោះ? លោកបានឲ្យដឹងថា «ក្រោយពេលខ្ញុំបានក្លាយជា ពិធីករក្នុងកម្មវិធី អាថ៌កំបាំងក្រៅឆាករបស់តារា នៃ ទូរទស្សន៍ Fresh News មក ត្រូវបានបង្ហាញខ្លួនជារៀងរាល់សប្តាហ៍លើកញ្ចក់ ទូរទស្សន៍ Fresh News ពេលនោះក៏ត្រូវបានអ្នកដឹកនាំជ្រើសរើស តែខ្ញុំមានគោលការណ៍៤យ៉ាង ក្នុងគោលដៅសម្តែងនេះ គឺទី១ គឺខ្ញុំមិនលោភលន់នឹងការសម្តែងទេ មុននឹងខ្ញុំទទួលការសម្តែង ខ្ញុំត្រូវពិនិត្យសាច់រឿង និងសេណារីយោរឿង ឲ្យបានច្បាស់លាស់ថា រឿងនេះត្រូវនឹងចរិតខ្ញុំផ្ទាល់ ឬក៏ខ្ញុំអាចកែចរិតបានតាមសាច់រឿងបាន, ទី២ ខ្ញុំត្រូវពិនិត្យសាច់រឿងឲ្យច្បាស់ ជាមូយប៉ារ៉ូលឲ្យយល់ន័យនៃឈុតនីមួយៗ នោះពេលថតសម្តែងនឹងងាយ, ទី៣ ពេលវេលាត្រូវទៅតាមការកំណត់ របស់អ្នកដឹកនាំមិនឲ្យយឺត ព្រោះមិនត្រូវឲ្យគេចាំយូរ និងទី៤គឺសម្លៀកបំពាក់ត្រូវត្រៀមសម្លៀកបំពាក់តាមតួនៃរឿង ព្រោះរឿងសម្លៀកបំពាក់ជារឿងមួយសំខាន់ដែរ ក្នុងការសម្តែង»។

គួរជម្រាបផងដែរថា លោក ម៉ឺន ឯកសុភារិទ្ធ មានស្រុកកំណើតនៅខេត្តកណ្តាល ស្រុកស្វាយជ្រុំ មានបងប្អូនបងប្រុស ៣នាក់ តែមាននិស្ស័យខុសគ្នា ដោយបងប្រុសធំជាពាណិជ្ជករ មានក្រុមហ៊ុនផ្ទាល់ខ្លួន ចែកចាយ ភេសជ្ជៈចាហួយ «កូបូរិ» និងផលិតផលផ្សេងទៀត។ ឯបងប្រុសទី២ជាកីឡាករប្រដាល់គឺ កីឡាករ ម៉ឺន សុភា ដែលជាកីឡាករលេចធ្លោរមួយរូប ក្នុងប្រទេស។ ចំណែករូបលោកជាតារាសម្តែងទៅវិញ ៕