(ហ្សាការតា)៖ ឥណ្ឌូនេស៊ី បានសម្រេចលុបចោលពាក្យស្នើសុំរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយសីអាស៊ី បន្ទាប់ពីខ្លួនបានសម្រេចចិត្ត ដកខ្លួនចេញពីការប្រកួតវាយសី Thomas Cup and Uber Cup ឆ្នាំ២០២០ ខណៈជំងឺឆ្លងកូវីដ-១៩ មិនទាន់បញ្ចប់នៅឡើយ, នេះបើតាមការចេញផ្សាយ ពីសារព័ត៌មានស៊ិនហួ ឲ្យដឹងនាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ មិនទាន់បញ្ចប់នៅឡើយ ហើយបណ្តាប្រទេសជាច្រើន បានហាមឃាត់ពលរដ្ឋរបស់គេ មិនឲ្យធ្វើដំណើរទៅកាន់ឥណ្ឌូនេស៊ីនោះ, សមាគមកីឡាវាយសីឥណ្ឌូនេស៊ី បានសម្រេចចិត្តលុបចោល ការដាក់ពាក្យដេញថ្លៃរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍មួយនេះ, នេះបើតាមការបញ្ជាក់ពី លោក Achmad Budiaharto អគ្គលេខាធិការសមាគម បានឲ្យដឹងដូច្នេះ។

លោកបានបញ្ជាក់ថា កាលពីពេលមុននេះ, សហព័ន្ធកីឡាវាយសីពិភពលោក បានរំពឹងថា ឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍វាយសីចំនួន៣ធំៗ គឺ Asia Open I, Asia Open II និងព្រឹត្តិការណ៍ BWF World Tour Finals ឆ្នាំ២០២០។

សហព័ន្ធកីឡាវាយសីពិភពលោក កាលពីពេលមុន បានប្រកាសថា ព្រឹត្តិការណ៍ Thomas Cup and Uber Cup គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី៣ដល់ទី១១ ខែតុលា, ព្រឹត្តិការណ៍ Denmark Open I គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣ដល់ទី១៨ ខែតុលា និងព្រឹត្តិការណ៍ Denmark Open II គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២០ដល់ទី២៥ ខែតុលា ឆ្នាំ២០២០នេះ៕