(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea រកបានពិន្ទុកើនដល់ ២០០០ពិន្ទុក្នុងប្រវត្តិសាស្រ្ត Premier League បន្ទាប់ពីបន្ថែម ៣ពិន្ទុទៅលើជ័យជម្នះនៃក្រុមម្ចាស់ផ្ទះ Brighton & Hove Albion ក្នុងលទ្ធផល ៣-១ នារាត្រីថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

២០០០ពិន្ទុនេះដែរ បានធ្វើឲ្យ Chelsea បានកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ នៅ Premier League ក្នុងនាមក្រុមរកបានច្រើនពិន្ទុជាងគេក្នុងចំណោមលេងបាន ១០៧៧ប្រកួត ដេញតាមពីក្រោយក្រុមឈរលេខ២ Arsenal ដែលរកបាន ២០១៤ពិន្ទុ និងក្រុមលេខ១ Manchester United ដែលរកបាន ២២៣៤ពិន្ទុគិតចាប់តាំងពីលីគកំពូលអង់គ្លេសបានផ្លាស់ប្តូរមក Premier League ក្នុងឆ្នាំ១៩៩២ មក។

កីឡាករអ៉ីតាលី Jorginho ជាអ្នករកបានគ្រាប់បើកឆាកឲ្យក្រុមរបស់លោក Frank Lampard នៅនាទី២៣ ដោយបាល់ ១១ម៉ែត្រ មុនពេល Lamptey ស៊ុតបានពីក្រោយជួយក្រុមម្ចាស់ផ្ទះ Brighton តាមស្មើ ១-១ វិញនៅនាទី៥៤ និងរំលងបានតែ ២នាទី ត្រូវបាន James ជួយឲ្យ Chelsea នាំមុខជាថ្មី ក្រោយទទួលបានពី Jorginho និងគ្រាប់ទី៣ ធ្វើបានសម្រេចដោយ Kurt Zouma នៅនាទី៦៦។

នេះជា ១ប្រកួតនៅ Premier League របស់រដូវកាលថ្មីឆ្នាំ២០២០-២០២១ របស់ Chelsea ក្នុងនាមជាក្រុមដែលបានចាញ់ដល់ទៅ ៣៣ពិន្ទុពីក្រុមជើងឯក Liverpool កាលពីរដូវកាលមុន ដោយបានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ បានកៅអីលេងនៅ UEFA Champions League រដូវកាលនេះផងដែរ៕