(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានបន្តរកឃើញជំងឺ Covid-19 ចំនួន ៤ករណីថ្មីទៀតក្នុងចំណោមមនុស្សប្រមាណ ២១៣១នាក់ដែលបានធ្វើតេស្តនាពេលថ្មីៗនេះ។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា កូវីដ-១៩ ចំនួន ៤ករណីថ្មីនោះ គឺត្រូវបានរកឃើញទៅកីឡាករ និងបុគ្គលិកមកពីក្លិបទាំង២០ ដែលលេងនៅ Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះដែលបានចូលរួមធ្វើតេស្តសុខភាពកាលពីថ្ងៃទី០៧ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដែលមានចំនួន ២១៣១នាក់ហើយគិតមកទល់នឹងពេលនេះ។

តែបើយោងតាមសេចក្តីថ្លែងការណ៍ពី Premier League ដែលត្រូវបានដកស្រង់ចេញផ្សាយដោយព័ត៌មានខាងលើ ដោយពុំមានចេញរោគសញ្ញា និងកីឡាករ និងបុគ្គលិកមកពីក្លិបណាមួយនោះទេ ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេចំនួន ១០ថ្ងៃ ដើម្បិធ្វើការព្យាបាល។

Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ បានចាប់ផ្តើមប្រកួតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពេលករណីរាតត្បាតនៃជំងឺផ្លូវដង្ហើមខាងលើនេះ មានភាពស្ងប់ស្ងាត់ និងអាចគ្រប់គ្រងបាននៅប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះ តែគ្រប់ការប្រកួតទាំងអស់តម្រូវឲ្យលេងបិទទ្វារកីឡដ្ឋានគិតចាប់តាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០ មក៕