(ភ្នំពេញ)៖ បន្ទាប់ពីបានចាកចេញពីពិភពសិល្បៈអស់រយៈពេល១១ឆ្នាំ នៅពេលនេះវត្តមានរបស់តារាសម្តែង អ្នកនាង សឿ សុធារ៉ា បានត្រឡប់មកកាន់សង្វៀនសិល្បៈវិញហើយ ដោយចាប់ឱកាសបានសម្តែង ជាតួឯកខ្សែភាពយន្តភាគថ្មីលើកដំបូង នៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស និងផលិតកម្មរស្មីហង្សមាស ដែលបានដំណើរការថតអស់រយៈពេល១សប្ដាហ៍មកហើយ។

ជាមួយគ្នានេះ វត្តមានបង្ហាញខ្លួនក្នុងកម្មវិធីតន្ត្រី តាមរយៈស្ថានីយទូរទស្សន៍នានា និងថត MV បទថ្មីក៏ទស្សនិកជនបានឃើញតារាសម្តែង សឿ សុធារ៉ា ជាបន្តបន្ទាប់។ ជាក់ស្តែង ថ្មីៗនេះនាងបានថត MV បទចម្រៀងថ្មី ជាមួយលោក អេនឌី និងការឡើងច្រៀងនៅលើឆាកតន្ត្រី ជាមួយដៃគូចាស់ គឺលោក អេឡិច ចាន់ត្រា។

ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះ អ្នកនាង សឿ សុធារ៉ា បានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅអ្នកនាងនឹងចូលប្រឡូកឲ្យស៊ុប ទៅលើការងារសិល្បៈវិញហើយ បន្ទាប់ពីបានឈប់សំរាកអស់រយៈពេល១១ឆ្នាំ ដើម្បីនៅមើលថែកូន និងមើលលើមុខជំនួញ ពោលគឺសំអាងការរបស់ខ្លួន។ ប៉ុន្តែពេលនេះ កូនៗក៏មានអាយុច្រើន ហើយពេលវេលាក៏សមប្រកប តាមការស្នើសុំរបស់ទស្សនិកជនផងនោះ ទើបនាងបានពិភាក្សាជាមួយស្វាមីថា នឹងចូលប្រឡូកឡើងវិញ ខណៈស្វាមីក៏បើកជំហរ។

សឿ សុធារ៉ា និយាយថា «ចាបង! ខ្ញុំទទួលថតរឿងវិញហើយ! មិនតែប៉ុណ្ណោះថតស្ពតពាណិជ្ជកម្ម MV និងការងារសិល្បៈជាច្រើនទៀតក៏ខ្ញុំទទួលដែរបង...!។ ជាក់ស្ដែង សព្វថ្ងៃខ្ញុំកំពុងថតរឿងភាគឲ្យទូរទស្សន៍ហង្សមាស តែសុំលាក់ចំណងជើងសិនបង ខ្ញុំសម្តែងជាតួឯកបង, តួឯងហ្នឹងគឺ​កូនភ្លោះ កាចផងនិងឆ្នាស់ផង។ រឿងភាគនេះ ខ្ញុំថតបានមួយសប្តាហ៍ហើយបង...»

ការបង្ហាញវត្តមានឡើងវិញ របស់តារាសម្តែងធ្លាប់មានប្រជាប្រិយភាព អ្នកនាង សឿ សុធារ៉ា ត្រូវបានទស្សនិកជនមើលឃើញថា នឹងនៅតែរក្សាការគាំទ្របានច្រើនដដែល ទោះបីជានាងឃ្លាតឆ្ងាយអស់រយៈពេលច្រើនឆ្នាំមកហើយក្តី។ តាមរយៈទេពកោសល្យ ក៏ដូចជារូបសម្រស់អំណោយផលពីធម្មជាតិ សឿ សុធារ៉ា នៅតែអាចរក្សាបានតំណែងជាតួធំ ឬតួឯក នៅក្នុងខ្សែភាពយន្តនីមួយៗ ដែលនាងបង្ហាញវត្តមានចូលរួមសម្តែង។ ដំណឹងនៃការចូលមកសម្ដែងវិញនេះ បានធ្វើឲ្យផលិតករភាពយន្តមួយចំនួន អាចនឹងបង្វែគោលដៅចាប់មកនាងធ្វើជាតារាសម្តែង នៅក្នុងរឿងរបស់ខ្លួនជាមិនខាន។

សឿ សុធារ៉ា បានសង្កត់ធ្ងន់បន្ថែមថា ការសម្រេចចិត្តចូលសិល្បៈជាថ្មីវិញនេះ គឺដោយសារតែទទួលបានការឯកភាពពីស្វាមី និងឆ្លើយតបទៅនឹងការទទូចរបស់មហាជន ដែលចង់ឲ្យនាងមានវត្តមានក្នុងសិល្បៈឡើងវិញ។ នាងថា ចាប់ពីថ្ងៃនេះតទៅ គឺនឹងទទួលគ្រប់ទម្រង់សិល្បៈទាំងអស់ រួមទាំងការច្រៀងតាមរយៈកម្មវិធីមង្គលការ និងពិធីតូចធំផ្សេងៗដទៃទៀត៕