(ភ្នំពេញ)៖ ដោយមានទំនាក់ទំនងល្អជាមួយនឹងកម្ពុជា រដ្ឋាភិបាលចិន បានចង្អុលបង្ហាញឲ្យក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍អូឡាំពិក និងព្រឹត្តិការណ៍កីឡាធំៗជាច្រើននៅចិន ពិសេសអ្នកផលិតកម្មវិធីបើក-បិទដ៏មានឥទ្ធិពល ដើម្បីមកជួយដល់កម្ពុជា ក្នុងការត្រៀមរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការប្រកាសដំណឹងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈ២ ទី១-ពិភាក្សាពីប្រតិទិនការងារ ដែលគណៈកម្មការជំនាញនីមួយៗ ត្រូវរៀបចំឲ្យហើយ ដើម្បីត្រៀមអនុវត្តចាប់ពីឥលូវ និងនៅដើមឆ្នាំ២០២០ ។ ទី២-ជជែកពីការត្រៀមរៀបចំពិធីបើក-បិទ ដែលជាពិធីដ៏មានសារៈសំខាន់ ដើម្បីបង្ហាញពីសក្ដានុពលជាតិ ទៅលើឆាកអន្ដរជាតិ ក្នុងនោះក៏មានការចូលរួមសហការជួយពីភាគីចិនផងដែរ។

លោកថា «ពិធីបើក-បិទរបស់យើង នឹងធ្វើការជាមួយភាគីចិន ដែលរដ្ឋាភិបាលចិន និងគណៈកម្មាធិការជាតិអូឡាំពិកចិន បានចង្អុលបង្ហាញឲ្យក្រុមហ៊ុនមួយ ដែលធ្លាប់រៀបចំអូឡាំពិក និងព្រឹត្តិការណ៍កីឡាធំៗ នៅ មាសាធារណរដ្ឋប្រជានិតចិន ពិសេសយើងបានអ្នកផលិតកម្មវិធីបើក-បិទដ៏មានឥទ្ធិពល និងមានបទពិសោធន៍នៅចិន នឹងចូលរួមរៀបចំឲ្យកម្ពុជា ហើយជាអ្នកផលិតកម្មវិធីមួយ ដែលពិភពលោកទទួលស្គាល់ និងល្បីល្បាញនៅចិន»

លោកសង្កត់ធ្ងន់ថា «គាត់(អ្នកផលិតកម្មវិធីបើក-បិទ) មិនងាយចេញមកក្រៅប្រទេសទេ ប៉ុន្ដែសម្រាប់កម្ពុជា ខាងភាគីចិន បានផ្ដល់គាត់ឲ្យមកជួយកម្ពុជា ក្នុងការរៀបចំ ប៉ុន្ដែគាត់គ្រាន់តែមក ដើម្បីបញ្ចូលនូវបទពិសោធន៍របស់គាត់ទេ តែអ្នកធ្វើពិតប្រាកដ អ្នកដែលរៀបចំរចនាបថពិតប្រាកដ គឺកម្ពុជាយើង ពិសេសគឺពាក់ព័ន្ធនឹងវប្បធម៌ អរិយធម៌ខ្មែរ គឺយើងត្រូវការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់យើង»។ តាមគម្រោងអ្នកជំនាញនេះ នឹងមកកម្ពុជា ចន្លោះខែតុលា ដល់ខែធ្នូខាងមុខ។

ទន្ទឹមជាមួយគ្នា លោកបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យការរៀបចំកម្មវិធីការងារលម្អិត ដើម្បីដាក់ឆ្លងថ្នាក់ដឹកនាំ CAMSOC ក៏ដូចជាការងារត់ភ្លើងគប់ និងពិធីផ្សេងៗ ដែលទាក់ទងជាមួយព្រះបរមរាជវាំង ដើម្បីសុំគោលការណ៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការអនុញ្ញាតឲ្យពាក់ព័ន្ធជាមួយព្រះបរមរាជវាំង ឬក្រសួងការបរទេស និងស្ថានទូតកម្ពុជា តាមបណ្ដាប្រទេសអាស៊ាន ដែលត្រូវត្រៀមជួយក្នុងពិធីរត់ភ្លើងគប់ស៊ីហ្គេម ក៏ដូចជាអាជ្ញាធរគ្រប់រាជធានី-ខេត្ត ដើម្បីគាំទ្រក្នុងការរៀបចំផងដែរ៕