(ភ្នំពេញ)៖ នារដូវបុណ្យភ្ជុំបិណ្ឌ ក្នុងកិច្ចពិធីបោះបាយបិណ្ឌ គឺប្រជាពលរដ្ឋទូទំាងព្រះនគរតែងឮអាចារ្យ ក៏ដូចជាបទចម្រៀងតែងពោលដល់ឈ្មោះតាកឹង ដោយរៀបរាប់យ៉ាងលន្លង់លន្លោចថា «សូមឲ្យតាកឹងចាប់ឆ្កែចង សុំផ្លូវទៅផង យកបាយបិណ្ឌទៅជូនដូនតា»។ តើតាកឹងក្នុងកិច្ចពិធីបោះបាយបិណ្ឌជានរណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានពោលថា បើនិយាយពីកិច្ចពិធីបោះបាយបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរទូទំាងព្រះនគរតែងឮអាចារ្យ ក៏ដូចជាបទចម្រៀងតែងពោលដល់ឈ្មោះ តាកឹងនេះគឺសំដៅដល់ «តាកឹង» ជាអមនុស្សម្នាក់មានមុខងារក្ដោបក្ដាប់ឋាននរក។

តាកឹងមកពីពាក្យ «កិង្ករ ឬកឹងករុណំ» ជាពពួកយម្ភូបាលគឺជាសេនាផ្ទាល់របស់ព្រះយមរាជ ដូចយើងឃើញមានចម្លាក់នៅប្រាង្គប្រាសាទអង្គរវត្ដដោយបង្ហាញអំពីប្រព័ន្ធជំនឿ នៃឋាននរកតំាងពីសម័យបុរាណរៀងមក។

លោក រត្ន័ សណ្ដាប់ បន្ដថា ក្នុងន័យនេះផងដែរបើនិយាយពី «ឆ្កែ» នេះទៀតសោត ដោយសូមឲ្យតាកឹងចាប់ឆ្កែចងដើម្បីយកបាយបិណ្ឌទៅជូនដូនតា គឺសំដៅដល់ព្រះយមរាជផងដែរ ពីព្រោះព្រះអង្គមានឆ្កែ២ក្បាលជាសេនា ដោយឆ្កែមួយៗមានភ្នែក៤។

បើដូចនេះចំពោះប្រព័ន្ធជំនឿខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាមួយត្រូវបានចាត់ទុកថា ព្រះយមរាជជាអ្នកផ្ដទ្ទាទោសជនប្រព្រឹត្ដអំពើបាប ហើយគេជឿផងដែរថា ព្រះអង្គនឹងដោះលែងអ្នកទំាងនោះឲ្យចេញពេលយប់នាពេលរនោចខែភទ្របទ ដើម្បីរកមើលក្រែងមានញាត្ដិសន្ដានជិតឆ្ងាយណាបោះបាយបិណ្ឌឲ្យ ដើម្បីបានចាប់ជាតិជាថ្មី។

បើដូច្នេះពិធីបុណ្យភ្ជុំបិណ្ឌ អ្វីដែលយើងឃើញព្រះយមរាជបង្កលក្ខណៈឲ្យប្រេតអាចរួចខ្លួនបានមានន័យថា ព្រះអង្គជាអ្នករិះរកអ្វីឲ្យមានភាពប្រក្រតីរបៀបរាបរយនៅក្នុងធម៌នេះឯង។ បើងាកមកសង្គមវិញព្រះយមរាជគេហៅថា «ព្រះធម្មរាជ» ដែលសម័យកណ្ដាលគេហៅថា ឧកញ៉ាយមរាជ បច្ចុប្បន្នហៅថា រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ជាអ្នកគ្រប់គ្រងឲ្យមានធម៌សុក្រិត៕