(ក្រុងឡុងដ៍)៖ យោងតាមប្រភពពី BBC ចេញនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Gareth Bale កាន់តែប្រកៀកផ្ទេរមកកាន់ក្លិបចាស់មាន់ខ្នាយមាសTottenham Hotspur វិញក្រោយពេលភ្នាក់ងារផ្ទាល់ខ្លួនកំពុងពិភាក្សា ក្រោយចាចេញអស់រយៈពេល ៧ឆ្នាំទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid កាលឆ្នាំ២០១៣។

កីឡាករសញ្ជាតិវ៉េល វ័យ៣១ឆ្នាំ Bale បានផ្ទេរចេញពីក្លិប Spurs កាលឆ្នាំ២០១៣ ទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ៨៥លានផោននឹងបន្តរកបានច្រើនជាង ១០០គ្រាប់ជាមួយការឈ្នះពាន UEFA Champions League ៤លើកផងដែរ។

ភ្នាក់ងាររបស់ Bale លោក Jonathan Barnett បានប្រាប់សារព័ត៌មាន BBC ថាចំពោះការពិភាក្សាកំពុងធ្វើឡើងដោយយឺតៗ ហើយកំពុងចចារនឹងមើលថាវាក្លាយជាយ៉ាងណា គ្រាដែលអ្នកចាត់ការទូទៅក្រុម Spurs លោក Jose Mourinho នៅមិនទាន់គិតគូររឿងនេះនៅឡើយ។

គ្រាដែលកាលឆ្នាំ២០១៩ Real Madrid បានបដិសេធការចរចាសំណើរបស់ក្លិបចិន Jiangsu Suning ខណៈដែលខ្សែប្រយុទ្ធរូបនេះបង្ហាញខ្លួនតែ ២០ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុន៕