(លីវេីភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែបម្រើ-ប្រយុទ្ធ Thiago Alcantara ពីក្លិប Bayern Munich ក្នុងតម្លៃយ៉ាងតិច ២០លានផោន បូករួមទាំង ៧លានផោនបន្ថែមលើកិច្ចសន្យារយ:ពេល ៤ឆ្នាំ។ នេះបេីយោងតាមការចេញផ្សាយព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០ នេះ។

Thiago វ័យ ២៩ឆ្នាំបានចូលរួមជាមួយក្លិបយក្សអាល្លឺម៉ង់ពី FC Barcelona កាលឆ្នាំ២០១៣ និងបានចូលលេងក្នុងជ័យជម្នះចុងក្រោយនៃក្របខណ្ឌ Champions League កាលពីរដូវកាលមុនលើ Paris St-Germain នៃលទ្ធផល ១-០ ផងដែរ។

កីឡាករអេស្ប៉ាញខាងលេីនេះ នឹងពាក់អាវលេខ៦ នៅកីឡដ្ឋាន Anfield។

Thiago នឹងក្លាយជាកីឡាករទី២ របស់ក្រុមជេីងឯកអង់គ្លេស Liverpool នៅរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Kostas Tsimikas ដែលជាជនជាតិក្រិកនោះ។

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បាននិយាយថា ខ្ញុំមិនអាចបញ្ចប់ការរំពឹងទុកបានទេ ដរាបណាទីផ្សារដោះដូរកីឡាករនៅតែបើកចំហរ៕