(ម៉ៃអាមី)៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Gonzalo Higuain បានចូលរួមជាមួយក្លិប Inter Miami របស់ David Beckham បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយសេះបង្កង់ Juventus។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ។

កីឡាករវ័យ ៣២ឆ្នាំរូបនេះបានចូលរួមជាមួយ Juve មកពីក្លិបដែលជាគូប្រជែងនៅ Serie A, Napoli ក្នុងតម្លៃខ្លួនខ្ពស់បំផុតរបស់អ៉ីតាលីគឺ ៧៥លានផោនកាលពីខែកក្កដា ឆ្នាំ២០១៦។

នៅពេលនោះ វាគឺជាការផ្ទេរថ្លៃបំផុតទី៣ ផងដែររបស់ពិភពលោក។

Higuain ដែលបានលេងជាមួយ Beckham នៅក្លិប Real Madrid ក្នុងឆ្នាំ ២០០៦-០៧ នឹងបានលេងជុំគ្នាជាមួយអតីតមិត្តរួមក្រុម Juve គឺ Blaise Matuidi ដែលបានចូលរួមជាមួយ Inter Miami កាលពីខែមុន ដែលលេងនៅលីគកំពូលអាមេរិក Major League Soccer។

Higuain ស៊ុតបញ្ចូលទីបាន ៦៦គ្រាប់ក្នុងចំណោមចូលលេងបាន ១៤៩ប្រកួតសម្រាប់ Juventus និងឈ្នះពាន Serie A បាន ៣ដង៕