(ភ្នំពេញ)៖ ខ្សែប្រយុទ្ធជួរមុខរបស់ក្លិបបឹងកេត ម៉ាត់ នូរុណ បានធ្វើការសរសើរសិស្សប្អូន សៀង ចន្ធា ៣ចំណុច រួមមានកម្លាំង បច្ចេកទេស និងការយល់ដឹងលើទីលាន ដែលនាំឲ្យពួកគេក្លាយជាដៃគូប្រយុទ្ធដ៏ល្អលើសមរភូមិវាលស្មៅ។

ទោះបីកីឡាកររហស្សនាម Messi ខាងលើ កំពុងបង្ហាញភាពលេចធ្លោខ្លាំងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ តែរូបគេបានលើកឡើងថា សមិទ្ធផលខ្លួនសម្រេចបានលើទីលាន សុទ្ធតែមានការរួមចំណែកដ៏សំខាន់ពីថ្នាក់ដឹកនាំ គ្រូបង្វឹក និងមិត្តរួមក្រុម ក្នុងនោះក៏មាន សៀង ចន្ធា ដែរ។

ម្ចាស់អាវលេខ១០ រូបនេះបន្ដថា «ចំពោះប្អូន សៀង ចន្ធា បងប្អូនទាំងអស់គ្នា សុទ្ធតែបានស្គាល់សមត្ថភាពរបស់គាត់ គឺគាត់មានទាំងកម្លាំង បច្ចេកទេស និងការយល់ដឹងលើទីលាន។ គាត់ភាគច្រើនរាល់ការប្រកួតសំខាន់ៗ គាត់តែងជួយក្រុមសម្រេចនូវលទ្ធផលល្អ ជាកីឡាករម្នាក់ដែលល្អ និងជួយក្រុមពួកយើងទទួលបាននូវលទ្ធផលដូចសព្វថ្ងៃ»

អតីតយុវជនសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងក្លិបភ្នំពេញក្រោន ម៉ាត់ នូរុណ សង្កត់ធ្ងន់ថា ជាក់ស្ដែងការសម្រេចគ្រាប់បាល់ច្រើនជាងគេ ក្នុងនាមកីឡាករខ្មែរបច្ចុប្បន្ន ក៏មានការរួមចំណែកបញ្ជូលបាល់ទាត់ពីខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំខាងលើដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ម៉ាត់ នូរុណ និង សៀង ចន្ធា ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធដ៏មុតស្រួច និងជាដៃគូដ៏ល្អលើទីលាន ក្នុងការបង្កព្យុះភ្លៀងក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាក់ស្ដែងគិតត្រឹមសប្ដាហ៍ទី១៥ នៃលីគកំពូលកម្ពុជា នូរុណ កំពុងឈរលេខ២ ក្នុងតារាង Top-Scorers ដោយរកបាន ១៥គ្រាប់ តាមពីក្រោយកីឡាករ Privat របស់ព្រះខ័នរាជស្វាយរៀង ដែលរកបាន ១៦គ្រាប់៕