(ស្វាយរៀង)៖ ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ ឆ្នាំ២០២០ បានរកឃើញក្រុមខ្លាំង ដែលត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ និងក្រុមត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ ជាពេលដែលត្រូវបិទបញ្ចប់ហេីយ។

ក្រុម UNITED SEZ ត្រូវជួបក្រុមសសយក ក្រុងបាវិត នៅវគ្គផ្តាច់ព្រ័ត្រវេលាម៉ោង៥៖៣០នាទៅល្ងាច រីឯក្រុមកាំភ្លើងធំស្កាយ ត្រូវជួបក្រុមយុវជនសាមគ្គី ដណ្តើមចំណាត់ថ្នាក់លេខ៣ នៅវេលាម៉ោង៣៖០០នាទីរសៀល។

នៅក្នុងពិធីបិទការប្រកួតនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ នឹងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈប៉ុស្តិ៍ទូរទស្សន៍ BTV អមដោយការសម្តែងសិល្បៈទស្សនីយភាពចំរុះ ស្បែកធំ របាំបុរាណល្ខោនខោល និងការច្រៀងបទមហោរីផងដែរ។

គួររំលឹកផងដែរថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង៕