(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានកំពុងតែព្រួយបារម្ភអំពីបញ្ហារបួសរបស់កីឡាករខ្សែប្រយុទ្ធ Sergio Aguero ដែលអាចអូសបន្លាយរហូតដល់ទៅ ២ខែទៀតឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

កីឡាករអន្តរជាតិអាហ្សង់ទីនខាងលើនេះ បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរក្នុងជំនួប Man City ប្រកួតទល់នឹង Burnley នៅ Premier League កាលពីខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ ដែលធ្វើឲ្យរូបគេបានខកខានជួយក្លិប ១២ប្រកួតមកហើយ។

បន្ថែមលើនេះ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Pep ក៏មិនប្រាកដថា Aguero អាចវិលចូលទីលានក្នុងខែវិច្ឆិកាខាងមុខ ឬយ៉ាងណានោះទេ គ្រាដែលកន្លែងរបស់កីឡាករវ័យ ៣២ឆ្នាំត្រូវបានជំនួសដោយខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus ឬក៏សមាជិកថ្មីដែលទើបទិញបាន Ferran Torres ដែលត្រូវធ្វើដំណើរទៅប៉ះ Wolves នារាត្រីថ្ងៃចន្ទ ពី១ប្រកួតដំបូងសម្រាប់រដូវកាលថ្មីនៅ Premier League៕