(លីវើភូល)៖ ក្លិបបាល់ទាត់ Liverpool ទិញបានកីឡាករខ្សែបម្រើ-ប្រយុទ្ធ Thiago Alcantara ជាផ្លូវការហើយក្នុងតម្លៃ ២០លានផោនពីក្លិបខ្លារខិន Bayern Munich របស់អាល្លឺម៉ង់ និងត្រៀមដាក់ឲ្យបង្ហាញខ្លួនលើកដំបូង ពេល Liverpool ប៉ះតោខៀវ Chelsea នៅរាត្រីថ្ងៃអាទិត្យស្អែកនេះទៀតផង។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ២៩ឆ្នាំខាងលើនេះ នឹងពាក់អាវលេខ៦ នៅកីឡដ្ឋាន Anfield ជាមួយនឹងកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្លិបដែលលេងនៅ Premier League បច្ចុប្បន្ន។

សមាជិកដែលទើបជួយ Bayern Munich ឈ្នះពានដល់ទៅ ៣នារដូវកាលឆ្នាំ២០១៩-២០២០ កន្លងទៅថ្មីៗ ជាមួយសមាជិកថ្មីទី២ របស់ Liverpool នារដូវកាលថ្មីនេះ បន្ទាប់ពីការមកដល់របស់កីឡាករខ្សែការពារឆ្វេង Kostas Tsimikas ដែលជាជនជាតិក្រិក។

បន្ថែមលើនេះ ក្រុមរបស់លោក Jurgen Klopp ក៏ប្រកៀកទៅនឹងការទិញបានកីឡាករខ្សែប្រយុទ្ធ Diogo Jota របស់ក្លិប Wolverhamton Wanderers ទៀតដែរ ដែលរូបគេ (Jota) បានអវត្តមានពីក្រុមចចកនៅពេលបរាជ័យក្នុងផ្ទះ ១-០ ក្រោមថ្វីជើងរបស់ Stoke City នៃយុទ្ធនាការ League Cup យប់មិញនេះ៕