(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះការរិះគន់ ទៅលើតារាសម្តែងស្រីស្រស់សម្រស់បាន កញ្ញា អ៉ឹម ដាលីស លើសកម្មភាពមិនសមរម្យដែលបានប្រព្រឹត្តិនៅវង់ផឹកស៊ី ធ្វើឲ្យមានកំហុសឆ្គងលើព្រះពុទ្ធសាសនារួចមក នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ រូបនាងផ្ទាល់បានចេញវិដេអូមុខសុំទោស ដល់មហាជនខ្មែរទូទាំងប្រទេស ដោយអះអាងថា នាងឈប់ធ្វើទង្វើរបែបនេះតទៅទៀតហើយ។
បើយោងតាមវីដេអូដែល Fresh News Plus ទទួលបានបង្ហាញថា កញ្ញា អ៉ឹម ដាលីស បានសម្តែងការសោកស្តាយចំពោះទង្វើរបស់ខ្លួន ជាមួយនឹងកាយវិការលើកដៃសំពះ សុំការអធ្យាស្រ័យពីសំណាក់មហាជនខ្មែរទូទាំងប្រទេស បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ក្នងបណ្តាញសង្គម។
កញ្ញា អ៉ឹម ដាលីស បាននិយាយថា «នាងខ្ញុំដាលីស គោរពសុំទោសទៅដល់បងប្អូន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នាងខ្ញុំព្រមទទួលនូវកំហុសទាំងស្រុង ដែលខ្ញុំបានប្រព្រឹត្ត ដែលបានធ្វើឲ្យប៉ះពាល់ទៅដល់ព្រះពុទ្ធសាសនា។ នាងខ្ញុំសុំការអភ័យទោសពីសំណាក់បងប្អូនក៏ដូចជាប្រជាពលរដ្ឋខ្មែរ នាងខ្ញុំសូមសន្យាថា មិនឲ្យរឿងហ្នឹងកើតឡើងទៀតទេ ហើយក៏សូមអរគុណ ទៅដល់បងប្អូនដែលបានជួយក្រើនរំលឹកនូវកំហុសខុសឆ្គងរបស់នាងខ្ញុំ»។
គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន កញ្ញា អ៉ឹម ដាលីស បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយមិត្តភក្តិរបស់នាង ពេលកំពុងជប់លៀងនៅផ្ទះ។ តាមរយៈរូបភាពនោះ គេសង្កេតឃើញ អ៊ឹម ដាលីស និងមិត្តភក្តិយកដបស្រាមកចាក់នឹងកាន់ដៃគ្នា ដូចជាពិធីដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើ នៅពេលពិធីសូត្រមន្ត។ ប្រការនេះ ធ្វើឲ្យអ្នកកាន់ព្រះពុទ្ធសាសនាជាច្រើននាក់ សម្តែងការមិនពេញចិត្ត និងធ្វើការរិះគន់ចំពោះទង្វើរបស់នាងជាបន្តបន្ទាប់៕