(ប្រេស៊ីល)៖ អ្នកគាំទ្រនឹងវិលត្រឡប់ ទៅទស្សនាការប្រកួតបាល់ទាត់វិញ នៅទីក្រុង Rio de Janeiro របស់ប្រេស៊ីល នៅខែក្រោយ បន្ទាប់ពីហាមឃាត់អស់រយៈពេល៦ខែ ដោយសារការរាតត្បាត ពីជំងឺ COVID-19, នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
អ្នកគាំទ្ររហូតដល់២០,០០០នាក់ នឹងអនុញ្ញាតឲ្យចូលក្នុងពហុកីឡដ្ឋាន Maracana ដែលមានសមត្ថភាព ផ្ទុកបានអ្នកចូលទស្សនា ៧៩,០០០នាក់ នៅក្នុងការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Flamengo តទល់ជាមួយនឹងក្រុម Athletico Paranaense ស្ថិតក្នុងកម្រិតសេរី A របស់ប្រេស៊ីល នាថ្ងៃទី៤ ខែតុលាខាងមុខ។
គួររំលឹកថា បាល់ទាត់ប្រេស៊ីល ត្រូវបានផ្អាកសកម្មភាព កាលពីពាក់កណ្តាលខែមីនា, ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីអង្គការសុខភាពពិភពលោក ប្រកាសពីការរីករាលដាលជាសកល នៃជំងឺ COVID-19។
ពាន់រង្វាន់ជើងឯកទីក្រុង Rio de Janeiro បានបន្តចាប់ផ្តើមឡើងវិញ នៅពីក្រោយការបិទទ្វារ កាលពីខែមិថុនា ហើយមន្ត្រីរំពឹងថា នឹងបើកពហុកីឡដ្ឋានឡើងវិញ នៅខែកក្កដា ប៉ុន្តែបានផ្លាស់ប្តូរគម្រោង ដោយសារករណីឆ្លងមានការកើនឡើង។ ប្រេស៊ីលបានរាយការណ៍ មានជាង៤,៤៩៧,០០០ករណីបានឆ្លងវីរ៉ុស ក្នុងនោះជាង១៣៥,០០០ករណីបានស្លាប់៕