(អ៊ីតាលី)៖ ក្លិបបាល់ទាត់ Juventus របស់អ៊ីតាលី ទំនងជាមិនចុះហត្ថលេខាជាមួយនឹង កីឡាករ Luis Suarez ដែលជាខ្សែប្រយុទ្ធរបស់ក្លិប Barcelona និងជាខ្សែប្រយុទ្ធ របស់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយនោះទេ, នេះបើតាមការបញ្ជាក់ពីលោក Andrea Pirlo អ្នកគ្រប់គ្រង និងជាគ្រូបង្វឹករបស់ក្លិប Juventus នាថ្ងៃសៅរ៍នេះ ខណៈលោកបានរៀបចំ ដើម្បីចាប់ផ្តើមចូលរួមប្រកួតរដូវកាលថ្មី កម្រិតសេរី A។
យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោក Pirlo ដែលបានជំនួសតំណែងលោក Maurizio Sarri កាលពីខែមុន បើទោះបីជាមិនមានបទពិសោធន៍ ផ្នែកបង្វឹកជាន់ខ្ពស់ក្តីនោះ, នឹងដឹកនាំក្រុមប្រកួតជាលើកដំបូង ដោយធ្វើជាម្ចាស់ផ្ទះស្វាគមន៍ ក្រុម Sampdoria នៅថ្ងៃអាទិត្យ។ លោកបានលើកឡើងថា ក្លិប Juventus ត្រូវការខ្សែប្រយុទ្ធលេងតំបន់កណ្តាល ប៉ុន្តែវាមិនមានពេលវេលា គ្រប់គ្រាន់នោះទេ សម្រាប់កីឡាករ Suarez ដើម្បីទទួលបានលិខិតឆ្លងដែនអ៊ីតាលី។
អ្នកចាត់ការរូបនេះបានបញ្ជាក់ថា ក្លិបអាចបន្ថែមកីឡាករ Suarez ចូលទៅក្នុងក្រុមបាន ប្រសិនបើលោកបានទទួល លិខិតឆ្លងដែនសហភាពអឺរ៉ុប។ លោកបញ្ជាក់ថា « Suarez មានការលំបាក ដោយសារតែវាត្រូវការពេលវេលាយូរ ដើម្បីទទួលបានលិខិតឆ្លងដែន, ដូច្នេះវាទំនងជាមិនអាច មានការចុះហត្ថលេខា នោះទេ»៕