(កីឡុំប៊ី)៖ ការប្រកួតបាល់ទាត់លីគរបស់កូឡុំប៊ី ត្រូវបានពន្យារពេល បន្ទាប់ពីកីឡាករ៧នាក់ និងបុគ្គលិកផ្នែកបង្វឹក៦នាក់ ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃជំងឺ COVID-19, នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់កូឡុំប៊ី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Sportstar ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
កីឡាករ និងបុគ្គលិកផ្នែកបង្វឹក មកពីក្លិបបាល់ទាត់ Tolima ជាក្លិបឈានមុខគេ នៅក្នុងលីគរបស់កូឡុំប៊ី ដែលមាន១៦ពិន្ទុ នៅក្នុងដៃ ក្រោយឆ្លងកាត់៨ប្រកួតនោះ ត្រូវបានគេរកឃើញថា មានផ្ទុកវីរ៉ុស។
«វាមិនមែនជាមធ្យោបាយល្អបំផុត ដើម្បីចាប់ផ្តើមលីគនោះទេ», នេះបើតាមការបញ្ជាក់ពី លោក Fernando Jaramillo ប្រធានសមាគមបាល់ទាត់កូឡុំប៊ី បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ។
ពាន់រង្វាន់ជើងឯកបាល់ទាត់កូឡុំប៊ី ដែលត្រូវបានផ្អាកកាលពីខែមីនានោះ នឹងត្រូវប្រកួតនៅពីក្រោយការបិទទ្វារ និងមិនមានវត្តមានអ្នកគាំទ្រនោះទេ ដើម្បីទប់ស្កាត់ការឆ្លងវីរ៉ុស COVID-19។
គួរបញ្ជាក់ថា កូឡុំប៊ី មានករណីឆ្លងជំងឺ COVID-19 ជិត៧៤៤,០០០ករណី ក្នុងនោះជាង២៣,០០០ករណីបានស្លាប់៕