(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានចូលរួមក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ២០២០ និងជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯករវាងក្រុមបាល់ទាត់តំបន់សេដ្ឋកិច្ចពិសេសបាវិត និងក្រុម ស.ស.យ.ក ក្រុងបាវិត។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅកីឡដ្ឋានខេត្តស្វាយរៀង ដែលសហការរៀបចំដោយសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ហើយក៏មានការចូលរួមផងដែរពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថ្នាក់ដឹកនាំកីឡា និងប្រជាពលរដ្ឋមួយចំនួនទៀតដែលមានប័ណ្ណចូលរួមទស្សនា ទន្ទឹមនោះ លោកអភិបាលខេត្តបានឧបត្ថម្ភថវិកាចំនួន ៥លានរៀល សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍បិទវគ្គបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់លើកទី៥ ឆ្នាំ២០២០ នាពេលនេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ ឆ្នាំ២០២០នេះ ផ្តួចផ្តើមឡើងដោយលោកឌី វិជ្ជា ប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង បានចាប់ផ្តើមប្រកួតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ និងបានបញ្ចប់នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលមាន ៥១ក្រុម មកពីតាមបណ្តាក្រុងស្រុកក្នុងខេត្តចូលរួមប្រកួត។

ចំពោះក្រុមបាល់ទាត់ជយលាភីទទួលបាន៖

* ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមបាល់តំបន់សេដ្ឋកិច្ចពិសេសបាវិត ទទួលបានមេដាយមាស ២៨គ្រឿង ពានរង្វាន់ ១ និងថវិកា ១០លានរៀល។

* ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងបាវិត ទទួលបានមេដាយប្រាក់ ២៨គ្រឿង និងថវិកា ៥លានរៀល។

* ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមបាល់ទាត់យុវជនសាមគ្គី ទទួលបានមេដាយសំរឹទ្ធ ២៨គ្រឿង និងថវិកា ២លាន៥សែនរៀល។

* ចំណាត់ថ្នាក់លេខ ៤ បានទៅលើក្រុមបាល់ទាត់កាំភ្លើងធំស្កាយ ទទួលបានថវិកាលើកទឹកចិត្តចំនួន ១លាន៥សែនរៀល។

ចំណែកជ័យលាភីក្រុមគោរពវិន័យបានល្អទទួលបាន ៨០ម៉ឺនរៀល គ្រូបង្វឹកល្អទទួលបាន ៦០ម៉ឺនរៀល កីឡាករចាំទីល្អទទួលបាន ៦០ម៉ឺនរៀល កីឡាករទាត់បញ្ចូលទីល្អទទួលបាន ៦០ម៉ឺនរៀល និងក្រុមអាជ្ញាកណ្តាលល្អ ២លានរៀលផងដែរ៕