(អាមេរិក)៖ «Mulan» គឺជាខ្សែភាពយន្តអាមេរិកកាំង ដែលផលិតឡើងដោយក្រុមហ៊ុន Walt Disney Pictures ដោយយកលំនាំដើមតាមភាពយន្តតុក្ដតារឿង «The Ballad of Mulan» ដែលជារឿងនិទានដ៏មានប្រជាប្រិយភាពរបស់ចិន។

តួឯកស្រីនៅក្នុងរឿងនេះគឺជាតារាសម្ដែងស្រីដ៏ល្បីឈ្មោះ និងមានរូបសម្រស់ដ៏ស្រស់ស្អាតរបស់ចិនគឺនាង Yifei Liu ដែលក្នុងនោះក៏មានវត្តមានតារាសម្ដែងដ៏ល្បីផងដែរគឺលោក Donnie Yen (ហៅ កុំកុំ) និងលោក Jet Li (ហៅ លី លានជា) ក្រៅពីនេះក៏មានតារាសម្ដែងល្បីៗជាច្រើនរូបផ្សេងទៀតចូលរួម។

ភាពយន្តមួយនេះគឺដឹកនាំសម្ដែងដោយលោកស្រី Niki Caro ដែលជាអ្នកដឹកនាំរឿង និងអ្នកនិពន្ធរឿងជនជាតិញូវហ្សេឡែន ហើយក៏ជារឿងដំបូងគេផងដែរ ដែល ដឹកនាំរឿងដោយមនុស្សស្រី ដែលចំណាយលុយ ២០០លានដុល្លារក្នុងការថត។

តាមពិតទៅភាពយន្តមួយនេះត្រូវបានរៀបចំថតតាំងពីឆ្នាំ២០១០ ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួនត្រូវបានខកខាន និងពន្យារពេល រហូតដល់ខែមីនា ឆ្នាំ២០១៥ ទើបខាងក្រុមហ៊ុន Walt Disney Pictures ប្រកាសបង្ហាញគម្រោងថតម្ដងទៀត និងបានជ្រើសតាំងលោកស្រី Caro ជាអ្នកដឹកនាំរឿងនៅខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុមហ៊ុន Walt Disney Pictures រួមជាមួយនឹងក្រុមការងារបានប្រកាសជ្រើសរើសតួស្រី ដោយមានមនុស្ស១០០០នាក់ចូលរួម ប៉ុន្តែជាចុងក្រោយគឺសម្រេចជ្រើសរើស យកតារាសម្ដែង នាង Yifei Liu ហើយរឿងមួយនេះក៏ចាប់ផ្ដើមថតនៅខែសីហា ឆ្នាំ២០១៨ ដោយមានទីតាំងស្ថិតនៅក្នុងប្រទេសញូវហ្សេឡែន និងចិន ខណៈដែលតួស្រីរូបនេះ ត្រូវបានហ្វឹកហាត់ប្រើប្រាស់លំពែង និងបាញ់ព្រួញអស់ជាច្រើនខែ ជាពិសេសគឺរៀនជិះសេះ។

Mulan ត្រូវបានដាក់បញ្ចាំងនៅខែមីនា ឆ្នាំ២០២០ ដំបូងគេនៅលើទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានពន្យារពេលអស់ជាច្រើនដង ដោយសារតែកើតមានជំងឺរីករាល ដាលកូវីដ-១៩ និងត្រូវដាក់បញ្ចាំងជាផ្លូវការម្ដងទៀតនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ និងនៅតាមអនឡាញលើកម្មវិធី Disney+ ប៉ុន្តែសម្រាប់នៅកម្ពុជា បាននឹងកំពុងដាក់បញ្ចាំងហើយតាមរោងភាពយន្ត Major Cineplex រាជធានីភ្នំពេញ។

ចាប់តាំងដាក់បញ្ចាំងរហូតមកដល់ពេលនេះ ដែលមានរយៈពេលប៉ុន្មានថ្ងៃនេះ រឿង Mulan ទើបតែរកចំណូលបាន ៤៦.៨លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលខ្ទង់ចំណាយនៃការថតអស់ ២០០លានដុល្លារអាមេរិក ព្រោះគឺនៅមិនទាន់រួចដើមនោះទេ ប៉ុន្តែបញ្ហានេះត្រូវបានក្រុមហ៊ុន Disney ដឹងថាវាកើតមានឡើងដោយសារតែបញ្ហាកូវីដ-១៩៕