(ពិភពលោក)៖ ការជិះយន្តហោះ គឺជាមធ្យោបាយដ៏ពេញនិយមមួយបែបសម្រាប់អ្នកដែលធ្វើដំណើរផ្លូវឆ្ងាយឆ្លងទ្វីប ឆ្លងប្រទេសជាដើម ប៉ុន្តែក្នុងនោះមានចម្ងល់មួយចំនួនបានលើកឡើងថា ហេតុអ្វីបានជាបក្សីស្លាបដែកនេះចាំបាច់ត្រូវហោះហើរឱ្យខ្ពស់ផុតផ្ទៃពពក? ហើយហេតុអ្វីបានជានៅពេលឡើង និងពេលចុះ យន្តហោះត្រូវរោទ៍ខ្លាំងយ៉ាងដូច្នេះ?

អ្នកដែលធ្លាប់ជិះយន្តហោះ ហើយឆ្ងល់អំពីរឿងនេះ ប្រាកដជាបានជាក់ច្បាស់ជាមួយការបកស្រាយរបស់ Fresh News Plus ដូចខាងក្រោម៖

នៅពេលចាប់ផ្ដើមឡើង និងនៅពេលចុះ យន្តហោះត្រូវប៉ះជាមួយនឹងបរិយាកាសក្រាស់ៗដែលនៅជិតផែនដីបំផុត ដូច្នេះវាចាំបាច់វាត្រូវប្រើកម្លាំងថាមពលខ្លាំង ដើម្បីឡើងឱ្យផុតផ្ទៃពពក ឬចុះឱ្យដល់ដី ទើបធ្វើឱ្យម៉ាស៉ីនរបស់វាមានលក្ខណៈដំឡើងសំឡេង និងកម្លាំងរោទ៍ខ្លាំង។

ជាទូទៅ យន្តហោះត្រូវហោះហើរក្នុងរយៈកម្ពស់ខ្ពស់បំផុត គឺប្រហែលជាង ១១ គីឡូម៉ែត្រពីដី។ ការហោះហើរនៅកម្ពស់បែបនេះ គឺដោយសារមូលហេតុចម្បង ៣ រួមមាន៖ ការសន្សំសំចៃប្រេងសាំង បង្កើនល្បឿន និងការគេចចេញពីឧបសគ្គអាក្រក់នានា។

នៅពេលយន្តហោះហោះហើរក្នុងរយៈកម្ពស់ខ្ពស់ផុតពីពពក វាមិនចាំបាច់ប្រើប្រាស់ថាមពលម៉ាស៉ីនខ្លាំងនោះឡើយ មានន័យថា នៅពេលវាហោះឡើងដល់រយៈកម្ពស់ជាង ១០ គីឡូម៉ែត្រផុតពីផ្ទៃពពកហើយ នោះវានឹងគ្មានឧបសគ្គមករំខានធ្វើឱ្យយន្តហោះប្រឹងដំឡើងថាមពល និងចំណាយប្រេងសាំងច្រើននោះឡើយ។

នៅតំបន់ខាងលើផ្ទៃពពកនេះទៀតសោតក៏មិនសូវមានខ្យល់បោកបក់ខ្លាំងដែរ ដែលស្ថានភាពនេះគឺពិតជាល្អណាស់សម្រាប់ធ្វើឱ្យយន្តហោះហោះហើរបានក្នុងល្បឿនលឿន។ ជាមធ្យមវាអាចហោះបានល្បឿន ១,០០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

មូលហេតុចម្បងមួយទៀត គឺការជៀសពីគ្រោះថ្នាក់ដោយសារធម្មជាតិ ដូចជា ខ្យល់ព្យុះ ដុំពពកក្រាស់ៗ ភ្នំខ្ពស់ៗ និងបក្សីធំៗជាដើម។ ត្រង់់ចំណុចនេះ លោកអ្នកប្រហែលជាបានដឹងហើយថា យន្តហោះភាគច្រើនមានគ្រោះថ្នាក់នៅក្នុងកំលុងពេលចាប់ផ្ដើមឡើង និងពេលចុះ៕