(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ដប្រណីត Rolls Royce បានបញ្ចេញរថយន្ដម៉ូដែល Ghost ថ្មី ដែលធ្វើការផ្លាស់ប្ដូររូបរាង កាន់តែទាក់ទាញជាងមុន។ រថយន្ដ Rolls-Royce Ghost បំពាក់ទៅដោយម៉ាស៊ីនចំណុះ ៦.៧៥លីត្រ twin-turbo V12 បង្កើនកម្លាំងបាន៥៦៣សេះ និងកម្លាំងទាញ ៥៨០nm។
លើសពីនេះទៀត ការប្រើប្រាស់ប្រព័ន្ធប៉ុងពីរ និងប្រព័ន្ធបង្វិលចង្កូតរ៉េទាំង ៤ all-wheel steering នៅលើរថយន្ដ Rolls Royce Ghost នឹងធ្វើឲ្យការបើកបរ កាន់តែមានលំនឹង ក៏ដូចជាស្ថេរភាព និងភាពងាយស្រួល ក្នុងការបើកបរបន្ថែមពីលើប្រព័ន្ធបូម Planar Suspension System ដែលក្រុមហ៊ុន Rolls-Royce ចំណាយពេលជាង១០ឆ្នាំ សម្រាប់ការផលិត និងធ្វើតេស្ដ។
ជាមួយគ្នាដែរ ប្រណីតភាពគឺជាអ្វី ដែលគ្រប់គ្នាស្គាល់ច្បាស់ពីយីហោរថយន្ដល្បី Rolls-Royce នេះ ជាមួយទ្វារដែលបិទបើកដោយស្វ័យប្រវត្តិ។ អ្វីដែលពិសេស ជាងនេះទៅទៀត រថយន្ដ Rolls-Royce Ghost ស៊េរីថ្មី ត្រូវបានផលិតឡើងយ៉ាងពិសេស ដែលធ្វើឲ្យរថយន្ដមានលក្ខណៈស្ងាត់ជាងម៉ូដែលមុនៗ។
ប៉ាណាមុខរថយន្ដផលិតពី Panthoen Grille ចាំងនឹងពន្លឺរំលេច ឲ្យឃើញរូបរាងដ៏ស្រស់ស្អាតរបស់រថយន្ដ។ ថ្នាំពណ៌ខាងក្រៅរបស់រថយន្តម៉ូដែល Ghost បូករួមជាមួយស្លាកឈ្មោះរថយន្ត ភ្លឺចែងចាំង និងអមជុំវិញទៅដោយផ្កាយជាង៨៥០គ្រាប់ផងដែរ៕