(ភ្នំពេញ)៖ អ្នកនាង គង់ ស្រីរដ្ឋ ជាតារាសម្តែងមួយរូប ដែលមានសម្រស់ស្រស់ផូរផង់ ធ្លាប់ចូលរួមសម្តែងក្នុង MV ចម្រៀងជាច្រើនកន្លងមក និងមានវត្តមានក្នុងរឿងភាគខ្មែរមួយចំនួន។ ថ្មីៗនេះ ដោយសារតែសង្កេតឃើញថា មាននារីមួយចំនួនធ្វើអត្តឃាតសម្លាប់ខ្លួនច្រើនពេក ឬក៏អ្នកខ្លះយកទារកទើបនឹងកើតទៅបោះចោលក្នុងសំរាម នាងបានសម្តែងសោកស្តាយជាខ្លាំង។ ទន្ទឹមគ្នានេះ ក្នុងនាមរូបនាងជានារី ហើយធ្លាប់ឆ្លងកាត់ពេលវេលាលំបាកនៃការឈឺចាប់រឿងស្នេហា ត្បិតបច្ចុប្បន្នជានារីមេម៉ាយកូនមួយ ក៏បានសំណូមពរដល់ស្ត្រីទាំងឡាយ សូមកុំគិតខ្លី ពេលកំពុងជួបបញ្ហា ព្រោះនេះមិនមែនជាដំណោះស្រាយត្រឹមត្រូវឡើយ។
អ្នកនាង គង់ ស្រីរដ្ឋ ថ្លែងបែបនេះ គឺតាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។ តាមរយៈនេះ តារាសម្តែង គង់ ស្រីរដ្ឋ បានដាច់ចិត្តទម្លាយអាថ៌កំបាំងផ្ទាល់ខ្លួន ដែលទស្សនិកជនបានទាន់បានដឹងពីមុនមក ពោលគឺការបែកបាក់ពីស្វាមី បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល៦ឆ្នាំ។
កន្លងមកធ្លាប់តែបង្ហាញមុខក្នុង MV ចម្រៀង និងខ្សែភាពយន្ត ជាមួយនឹងសម្រស់ឆើតឆាយក្រមុំមិនដូរ គ្មាននរណាម្នាក់គិតថានាងធ្លាប់មានគ្រួសារម្តងរួចមកហើយនោះទេ។ តែយ៉ាងណា អ្នកនាង គង់ ស្រីរដ្ឋ ហាក់មានភាពក្លាហានក្នុងការទម្លាយ ដោយមិនបារម្ភពីប្រជាប្រិយភាពសិល្បៈឡើយ ពីការបែកបាក់ស្វាមី មានឈ្មោះជាមេម៉ាយកូនមួយ។ បច្ចុប្បន្ននាងមានកូនប្រុសម្នាក់ក្នុងបន្ទុក បន្ទាប់ពីលែងលះគ្នាដាច់ស្រេចជាមួយអតីតស្វាមីតាមផ្លូវច្បាប់ មានសាលក្រមត្រឹមត្រូវ។
ឆ្លងកាត់បទពិសោធលំបាក និងរឿងឈឺចាប់កន្លងមក តារាសម្តែងរូបនេះ នៅតែមានភាពរឹងមាំ ចិញ្ចឹមកូនប្រុសម្នាក់ឯង និងជាស្ត្រីកំព្រាឪពុកម្តាយតាំងពីតូចផងនោះ។ ហេតុនេះ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នាងបានផ្ញើសារសំណូមពរដល់ស្ត្រីទាំងអស់ឲ្យរឹងមាំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
អ្នកនាង គង់ ស្រីរដ្ឋ និយាយថា «មួយរយៈនេះខ្ញុំឃើញព័ត៌មានជាច្រើន មានការធ្វើអត្តឃាតដោយសាររឿងស្នេហា ក៏ដូចជាព័ត៌មានខ្លះផ្សាយថា មានបុត្រហើយ គាត់យកបុត្រនឹងទៅបោះចោលនៅគំនរសំរាម។ អ៊ីចឹង! ដំបូងខ្ញុំគិតថា ខ្ញុំអត់ចង់បង្ហាញទៅសាធារណៈជនថា ខ្ញុំមានបុត្រ ឬក៏ធ្លាប់មានអតីតស្វាមីទេ ប៉ុន្តែខ្ញុំចង់លើកទឹកចិត្តទៅលើស្ត្រីទាំងអស់គ្នា ឲ្យគាត់រឹងមាំ ព្រោះថានាងខ្ញុំក៏ជាស្ត្រីម្នាក់ដែរ តែខ្ញុំអាចរឹងមាំក្នុងការមើលថែកូនបាន។ អ៊ីចឹងចំពោះស្ត្រីដែលគាត់ទើបតែមានស្នេហា គាត់ត្រូវតែរឹងមាំ។ មិនត្រឹមតែរឿងស្នេហា គាត់ដល់ថ្នាក់ធ្វើអត្តឃាត ឬមានកូនហើយ យកកូនទៅបោះចោល ចឹងសុំឲ្យគាត់រឹងមាំឡើង ឆ្លងផុតនូវដំណាក់កាលឈឺចាប់មួយនេះ ឲ្យគាត់រឹងមាំឡើងទាំងអស់គ្នា»។
គួរជម្រាបថា អ្នកនាង គង់ ស្រីរដ្ឋ គឺជាតារាសម្តែងមួយរូប ដែលទស្សនិកជនទូទៅធ្លាប់តែឃើញតាមរយៈចូលរួមសម្តែងក្នុង MV ចម្រៀង ខណៈបច្ចុប្បន្នមានខ្សែភាពយន្តតែមួយគត់ដែលនាងបានចូលរួមសម្តែង។ ងាកមកជីវិតគ្រួសារ តារាស្រីរូបនាងហាក់ជួបរឿងសោកសៅជាច្រើន ទាំងការបែកពីឪពុកម្តាយទាំងខ្លួននៅក្មេង ពោលម្តាយឪពុករបស់នាងបានលាចាកលោក និងត្រូវរស់នៅជាមួួយជីដូន។ រឿងដែលឈឺចាប់មួយទៀត គឺមានស្វាមីហើយត្រូវបែកបាក់គ្នា តែយ៉ាងណា នាងបានឆ្លងកាត់រឿងគ្រប់យ៉ាងជាមួយនឹងភាពរឹងមាំក្នុងនាមជាស្ត្រីមួយរូប៕