(ភ្នំពេញ)៖ លោកស្រី ពុធ ធីតា អនុប្រធានគណៈកម្មការបាល់ទាត់នារី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការបង្កើតលីគបាល់ទាត់នារី ឆ្នាំ២០២០ គឺដើម្បីចម្រាញ់កីឡាការិនីឆ្នើមចំនួន ២៥នាក់ ទៅហ្វឹកហាត់រយៈពេលវែងនៅចិន តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (SEA Games 2023) នៅកម្ពុជា។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងពិធីចាប់ឆ្នោតបែងចែកកម្មវិធីប្រកួតលីគបាល់ទាត់នារី ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិនាព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ក្រោមវត្តមានលោកស្រី ពុធ ធីតា និងអគ្គលេខាធិការសហព័ន្ធ FFC លោក កែវ សារ៉េត ហើយក៏មានការចូលរួមពីតំណាងក្រុមទាំង១០ ដែលជាបេក្ខភាពប្រកួតប្រជែងផងដែរ ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី២៧ ខែកញ្ញាចុងសប្ដាហ៍នេះ។

ជុំវិញការប្រកួតជម្រើសជើងឯកបាល់ទាត់នារី លើកដំបូងនេះ លោកស្រី ពុធ ធីតា បានគូសបញ្ជាក់ថា «យើងរៀបចំឡើង ដើម្បីអភិវឌ្ឍន៍បាល់ទាត់នារីក្នុងប្រទេស និងមួយទៀត គឺដើម្បីត្រៀមខ្លួនចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងមួយទៀត យើងត្រៀមហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន ដូចជា ៣ឆ្នាំ (២ដំណាក់) ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលយើងជាម្ចាស់ផ្ទះ»

លោក កែវ សារ៉េត បានឲ្យដឹងដែរថា ដោយសារបាល់ទាត់ គឺជាប្រភេទកីឡាអាទិភាពមួយឆ្ពោះទៅស៊ីហ្គេម ហេតុនេះ សហព័ន្ធបានយកចិត្តទុកដាក់អភិវឌ្ឍន៍ទាំងបាល់ទាត់បុរស និងបាល់ទាត់នារី។ ដូច្នេះទើបសហព័ន្ធបង្កើតលីគបាល់ទាត់នារីនេះឡើង ដើម្បីពង្រឹងសមត្ថភាព និងការអភិវឌ្ឍន៍។ ចំពោះគម្រោងបញ្ជូនក្រុមបាល់ទាត់នារីទៅហាត់នៅចិនវិញ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្រឡេកមកចាប់អារម្មណ៍បេក្ខភាពដែលត្រៀមចូលរួមប្រកួតលីគបាល់ទាត់នារី ឆ្នាំ២០២០ វិញ គឺមាន ១០ក្រុម រួមមានក្រុមបាល់ទាត់នារីបឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ, ខេត្តកណ្ដាល, ខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង និងខេត្តសៀមរាប។ រីឯការប្រកួតគ្រោងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

ចំពោះលទ្ធផលចាប់ឆ្នោត ក្រុមដែលត្រូវប្រកួតបើកឆាកវគ្គសន្សំពិន្ទុចុងសប្ដាហ៍នេះ រួមមានក្រុមកងយោធពលខេមរភូមិន្ទ ប៉ះខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏, ខេត្តកំពង់ឆ្នាំង ប៉ះខេត្តសៀមរាប, ខេត្តបាត់ដំបង ប៉ះក្រុមបឹងកេត, ខេត្តកំពង់ធំ ជួបខេត្តកណ្ដាល និងក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រុមភ្នំពេញក្រោន។

រីឯរូបមន្ដប្រកួតក្រោយចប់ការប្រកួតវិលជុំ ៩សប្ដាហ៍ ក្រុមមានពិន្ទុខ្ពស់ នឹងឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ ហើយក្រុមឈរលេខ៣ ប៉ះក្រុមលេខ៤ បន្ទាប់មកក្រុមឈ្នះ ឡើងជួបក្រុមឈរលេខ២ ដើម្បីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ៕