(ភ្នំពេញ)៖ សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលកម្រិត «ក» កីឡាតេក្វាន់-ដូ IFT កម្ពុជា រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ អន្តរជាតិ, ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំយុវជន និងកីឡា, លោក Master រឺ ឆុលណាំ ជាគ្រូអន្តរជាតិកម្រិតខ្សែក្រវ៉ាត់ខ្មៅ ៨ដាន់ និងជាប្រធានបច្ចេកទេសកីឡាតេក្វាន់-ដូ ប្រចាំទ្វីបអាស៊ី ព្រមទាំងថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសនាមមកពីបណ្តារាជធានី-ខេត្តចំនួន១១ ផងដែរ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ លោក កែវ រ៉េមី បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យវិស័យកីឡារបស់កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសវិស័យកីឡាតេក្វាន់-ដូ ITF កម្ពុជា បន្ថែមពីនេះ អន្តរជាតិជាច្រើនបានស្គាល់កម្ពុជា តាមរយៈកីឡានេះតែម្តង។
លោក កែវ រ៉េមី បានបន្តថា ក្នុងនាមជាអាជ្ញាកណ្តាល គឺការផ្តល់ភាពយុត្តិធម៌ជូនដល់កីឡាករ កីឡាការិនី គឺមានភាពសំខាន់ខ្លាំងណាស់ ជាពិសេសមិនត្រូវប្រកាន់បក្ខពួកនិយម។ ដូច្នេះ ហើយភាពយុត្តិធម៌ ត្រូវមានភាពចាំបាច់ណាស់ដែលអាចទទួលយកបាន ព្រមទាំងបានជំរុញឱ្យកីឡាតេក្វាន់-ដូ ITF កម្ពុជា ឱ្យមានការគាំទ្រទាំងថ្នាក់ជាតិ និងអន្តរជាតិ រហូតអាចត្រៀមខ្លួនចូលរួមប្រកួតប្រជែងកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះជាដើម។
បន្ថែមពីនេះ ក្នុងនាមជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ កម្ពុជា លោក កែវ រ៉េមី ប្រកាសជឿជាក់លើកីឡាករ កីឡារិនី តេក្វាន់-ដូ ITFកម្ពុជា យ៉ាងខ្លាំង ក្នុងការប្រកួតកីឡាស៊ីហ្គេម ខាងមុខនេះ ដោយមិនធ្វើឱ្យក្រសួងអប់រំយុវជន និងកីឡា ខកចិត្ត ជាពិសេសមិនធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ខកចិត្តចំពោះកីឡាតេក្វាន់-ដូ ITF កម្ពុជា ជាដាច់ខាត។
ទន្ទឹមនឹងដែរ លោក កែវ រ៉េមី ក៏បានក្រើនរំឮកដល់កីឡាករ កីឡាការិនី ទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំទាំងកម្លាំងកាយ កម្លាំងប្រជា្ញស្មារតី ទងក្បាច់គុន ដើម្បីនាំយកកិត្តិយសជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ បន្ថែមពីនេះ ក្នុងនាមជាកីឡាករ ក្រៅពីប្រើកន្លង និងក្បាច់គុន ដើម្បីបណ្តើមមេដាយ និងកិត្តិយសជូនជាតិ ក៏ប៉ុន្តែត្រូវចូលរួមកិច្ចការងារសង្គម និងសហគមផ្សេងៗដែរ។
ជាពិសេសក្នុងនាមជាអ្នកដឹកនាំកីឡាតេក្វាន់-ដូ ITF កម្ពុជា លោក ចង់មើលឃើញកីឡាករ កីឡាការិនីកម្ពុជា មិនមែនត្រឹមតែមានឈ្មោះល្បីល្បាយក្នុងប្រទេសកម្ពុជាតែមួយនោះទេ គឺចង់ឃើញមានវត្ត និងឈ្មោះកីឡាករ កីឡាការិនី នៅក្នុងស្ថាប័នកំពូលៗ និងសហព័ន្ធកីឡាអន្តរជាតិផ្សេងៗទៀត ដែលមានតំណាងរបស់កម្ពុជានៅទីនោះក្នុងការនាំមកនូវកេរ្ត៍ឈ្មោះ និងកិត្តិយសជូនជាតិនៅលើឆាកអន្តរជាតិផងដែរ៕