(ភ្នំពេញ)៖ យុវវ័យមួយក្រុមបាននាំគ្នាបង្កើត កម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈគ្រប់ទម្រង់ ដើម្បីក្លាយជាវេទិកាសាងកេរ្តិ៍ឈ្មោះល្បីល្បាញ បញ្ចេញភាពក្លាហាន តាមបំណងប្រាថ្នារបស់ពួកគេ ដោយបានចាប់ផ្ដើមទទួលពាក្យ និងការប្រកួតធ្វើតេស្តសាកល្បងសមត្ថភាព ជាបន្តបន្ទាប់ លើវិញ្ញាសារប្រមាណជិត១០ វិញ្ញាសារ ជម្រុះរកអ្នកមានសមត្ថភាព និងទេពកោសល្យពិតប្រា កដ ឈានទៅរកអ្នកទទួលបានជយលាភី នៅវគ្គផ្ដាច់ព័្រត្រ។

លោក សុវណ្ណ បញ្ញាឫទ្ធិ ជាអ្នកផលិត និងដឹកនាំកម្មវិធី បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះថា កម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈគ្រប់ទម្រង់ ដើម្បីស្វែងរកអ្នកមានភាពក្លាហាន សមត្ថភាពពិតប្រាកដនេះ មានឈ្មោះថា «123 Acttion» ដែលជាម្មវិធីថ្មីសន្លាងមួយរៀបចំឡើងដោយ «CYTI Media» និងបានក្លាយជាវេទិកាមួយសម្រាប់ផ្ដល់ក្ដីសង្ឃឹម ដល់យុវវ័យជំនាន់ក្រោយ ដែលចង់ក្លាយតារាល្បី ក្នុងវិស័យសិល្បៈ។ លោកបន្តថា កម្មវិធីប្រកួតប្រជែងនេះ មានអ្នកដាក់ពាក្យប្រឡងប្រមាណជាង១០០នាក់រួចមកហើយ ដោយពួកគេត្រូវឆ្លងកាត់នូវវិញ្ញាសារប្រមាណជា៩ គ្រប់ទម្រង់សិល្បៈទាំងអស់ មានដូចជា សម្ដែង រាំ ច្រៀង បង្ហាញម៉ូដ ការលេងឧបរណ៍ភ្លេងទាំងសម័យ និងបុរាណ ព្រមទាំងវិញ្ញាសារជាច្រើនទៀត។

លោកបន្ថែមទៀតថា កម្មវិធីនេះ គឺយើងមានគណៈកម្មកាដាក់ពិន្ទុយ៉ាងត្រឹមត្រូវ សុក្រិត្យ និងយុត្តិធម៌ដល់បេក្ខជន-បេក្ខនារីនីមួយៗ ដែលបានបញ្ចេញសមត្ថភាព និងទេពកោសលដែលខ្លួនមាន តាមវិញ្ញាសារដាក់ជូនគ្រប់គ្នា នៅចំពោះមុខគណៈកម្មផ្ទាល់។ ជាមួយគ្នានេះ ការប្រកួតមានច្រើនវគ្គ និងត្រូវចេញថតតាមបណ្ដាខេត្តនានា ជាពិសេសនៅកន្លែងឆ្នេរសមុទ្រមួយ នាខេត្តព្រះសីហនុ។

អ្នកផលិត និងដឹកនាំកម្មវិធីវ័យក្មេងរូបនេះ បន្តទៀតថា នេះគឺជាលើកទី១ ដែលលោកបានបង្កើតកម្មវិធីនេះឡើង ហើយគោលបំណងរបស់លោក គឺចង់ផ្ដល់ជាវេទិកាថ្មីមួយទៀត សម្រាប់យុវវ័យបានបញ្ចេញសមត្ថភាពពិសេសៗ ដែលពួកគេមានជំរុញភាពក្លាហានរបស់ពួកគេ ខណៈបច្ចុប្បន្នលោកបាន មើលឃើញថា យុវវ័យកម្ពុជាមានសមត្ថភាពសិល្បៈល្អៗច្រើន មិនថាច្រៀង រាំ ឬសមត្ថភាពសិល្បៈផ្សេងៗទៀត។ ពួកគេទាំងនោះត្រូវបានបែកចែកជាក្រុមៗ ពោលគឺមាន១០នាក់ ក្នុង១ក្រុម ដើម្បីឡើងមកបញ្ចេញសមត្ថភាពសិល្បៈ របស់ពួកគេប្រឡងប្រជែងលើវិញ្ញាសារចំនួន៩ ដើម្បីឈានឆ្ពោះទៅកាន់ជយលាភី។ សមត្ថភាព សិល្បៈដែលអាចយកមកប្រកួតប្រជែងបាន មានដូចជា ច្រៀង រាំ សម្ដែង បង្ហាញម៉ូដ លេងឧបករណ៍តន្ត្រី ពិធីករ ពិធីការិនី ជាដើម។

សូមបញ្ជាក់ថា តាមគម្រោងកម្មវិធី «123 Action» គ្រោងនឹងដំណើរការ រយៈពេលប្រមាណ៣ខែ ចាប់ពីពេលនេះតទៅ។ បេក្ខភាពនីមួយៗនឹងត្រូវ ជ្រើសរើស ដោយក្រុមគណៈកម្មការចម្រុះសមាសភាព មានទាំង តារាចម្រៀង តារា សម្ដែង ជាដើម មានគ្នាប្រមាណជាង ១០នាក់។ គណៈកម្មការនឹងដាក់ពិន្ទុទៅ លើការប្រឡង សមត្ថភាពសិល្បៈរបស់ បេក្ខភាព នីមួយៗ នៅលើវិញ្ញាសារទាំង៩។

វិញ្ញាសារមួយចុងក្រោយ នឹងត្រូវដាក់បញ្ចូលទៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅពេលនោះប្រព័ន្ធជ្រើសរើសជយលាភី នឹងត្រូវប្រគល់ជូនទៅគណៈកម្មការសាធារណៈជាជំនួសវិញ ពោលគឺបេក្ខភាពនីមួយៗ នឹងត្រូវ បោះឆ្នោតជ្រើសរើស ដោយសាធារណជននៅលើទំព័រ ហ្វេសប៊ុករបស់កម្មវិធី។ នៅវគ្គផ្ដាច់ព្រ័ត្រ មានបេក្ខភាពតែ៥ រូបនឹងត្រូវប្រកួតប្រជែងគ្នា ប៉ុន្តែមានតែ៣រូបប៉ុណ្ណោះ ក្នុងចំណោមនេះនឹងត្រូវជ្រើស ជាជយលាភីលេខ ១,២ និងលេខ៣៕