(ប្រ៊ុយណេ)៖ សមាគមបាល់ទាត់ជាតិរបស់ប្រ៊ុយណេ (NFABD) បានសម្រេចលុបចោល ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Brunei Super League ឆ្នាំ២០២០ របស់ខ្លួន ដោយសារតែការរីករាលដាលនៃជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
សារព័ត៌មានក្នុងស្រុក Borneo Bulletin បានចេញផ្សាយថា ក្លិបដែលបានចូលរួមទើបតែបានបញ្ចប់ ការប្រកួតចំនួន២ប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍ Brunei Super League ឆ្នាំ២០២០នេះ ជាមួយនឹង២២៤ប្រកួតទៀត មិនទាន់បានធ្វើការប្រកួតនៅឡើយនោះទេ។ លីគបាល់ទាត់នេះ ដំបូងឡើយ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំនេះ។
គណៈគ្រប់គ្រងបាល់ទាត់ប្រ៊ុយណេ ក៏បានប្រកាសលុបចោល នូវការប្រកួតក្របខណ្ឌអាយុក្រោម១៦ឆ្នាំ និងក្រោម១៩ផងដែរ ដោយសារតែកីឡាករ តម្រូវឲ្យចូលសិក្សាឡើងវិញ បន្ទាប់ពីសាលាបានបិទអស់រយៈពេល៨៦ថ្ងៃ ដោយសារតែជំងឺ COVID-19។
គួរបញ្ជាក់ថា ប្រ៊ុយណេ កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ដែលអាចបណ្តាលឲ្យទីលានប្រកួត មិនមានសុវត្ថិភាព៕