(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines របស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមហ្វឹកហាត់ អ្នកបើកបរយន្តហោះប្រភេទ Boeing 737 MAX នៅខែវិច្ឆិកាខាងមុខ ដែលវាជាសញ្ញាមួយ បង្ហាញឲ្យជឿជាក់ថា យន្តហោះដែលគេហាមក្នុងការហោះហើរនេះ នឹងវិលត្រឡប់ទៅបម្រើសេវាកម្មវិញ នាពេលឆាប់ៗខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
ក្រុមហ៊ុនផលិតយន្តហោះ Boeing Co កំពុងរង់ចាំការអនុម័ត ពីរដ្ឋបាលអាកាសចរណ៍ ទៅលើសំណើផ្លាស់ប្តូរយន្តហោះ 737 MAX ក្រោយពីមានហេតុការណ៍ធ្លាក់យន្តហោះចំនួន២លើក ដែលបានសម្លាប់មនុស្សសរុប៣៤៦នាក់ និងបានបណ្តាលឲ្យយន្តហោះប្រភេទនេះ នៅទូទាំងពិភពលោក ត្រូវផ្អាកការហោះហើរ អស់រយៈពេល១៨ខែមកហើយ។
លោក Ameya Kingaonkar ប្រធានគម្រោងហ្វឹកហាត់ការហោះហើរ បានឲ្យដឹងថា «ជាមួយនឹងគម្រោងនៃការវិលត្រឡប់ មកបម្រើសេវាកម្មវិញ នៃយន្តហោះ B737 MAX នៅពេលឆាប់ៗខាងមុខនោះ, យើងនឹងចាប់ផ្តើមធ្វើការហ្វឹកហាត់ពិសេសមួយ សម្រាប់អ្នកបើកបរយន្តហោះ ប្រភេទ B737»។
គួរបញ្ជាក់ថា បន្ថែមពីលើការធ្វើទំនើបកម្មកម្មវិធី, ក្រុមហ៊ុន Boeing ក៏បានស្នើឲ្យមានការហ្វឹកហាត់អ្នកបើកបរ យន្តហោះ B737 MAX ដែលមានការត្រួតពិនិត្យ ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិល និងសហសេវិកយន្តហោះ មកពីសហរដ្ឋអាមេរិក, កាណាដា, ប្រេស៊ីល និងសហភាពអឺរ៉ុប។
ក្រុមហ៊ុន American Airlines គ្រោងនឹងបង្ហាញវិធានសិក្សាពីចម្ងាយ នៅថ្ងៃទី២៨ ខែតុលា ហើយនឹងហ្វឹកហ្វឺនដល់អ្នកបើកបរយន្តហោះ ប្រមាណ១,៧០០នាក់ នៅខែវិច្ឆិកា។ ក្រុមហ៊ុនរំពឹងថា នឹងបញ្ចប់ការវគ្គហ្វឹកហាត់ទាំងស្រុង នៅចុងខែមករា ឆ្នាំ២០២១ខាងមុខ៕