(មីឡេន)៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic រកបាន ២គ្រាប់ជួយ AC Milan ឈ្នះក្រុមភ្ញៀវ Bologna ២-០ នៅ Serie A ក្នុងកីឡដ្ឋាន San Siro នារាត្រីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។
កីឡាករស៊ុយអែត វ័យ ៣៨ឆ្នាំបានស៊ុតគ្រាប់នាំមុខក្នុងការបញ្ជូនបាល់ពីចម្ងាយរបស់ខ្សែការពារ Theo Hernandez នៅចុងតង់ទី១ ក្នុងនាទី៣៥ មុនពេលរកបានគ្រាប់ទី២ ទៀតនៅដេីមតង់ទី២ ដោយបាល់ ១១ម៉ែត្រនៅនាទី៥១។
អ្នកចាំទី Gianluigi Donnarumma របស់ AC Milan បានជួយសង្រ្គោះបាល់ជាច្រេីនពីដាក់សម្ភាធពីក្រុម Bologna នៅក្នុងតង់ទី២ មុនពេលពួកគេបានបាត់បង់ខ្សែការពារឆ្វេង Mitchell Dijks ដែលទទួលបានកាតលឿង ២ដង នៅនាទីទី៨៩ ក៏ដោយ។
ក្រុមរបស់លោក Stefano Pioli ដែលបានបញ្ចប់រដូវកាលមុនក្នុងចំណាត់ថ្នាក់លេខ៦ ដោយបានដេញតាមក្រុមជើងឯក Juventus ចំនួន ១៧ពិន្ទុនោះ នឹងធ្វើដំណើរទៅប៉ះក្រុម Crotone ក្នុងការប្រកួតលីគបន្ទាប់របស់ពួកគេនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕