(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក និងជាក្រុមហ៊ុនផលិតឧបករណ៍ហ្គេម Microsoft Corp បានចំណាយ ៧.៥ពាន់លានដុល្លារអាមេរិក ដែលជាប្រាក់សុទ្ធទិញយកក្រុមហ៊ុនហ្គេម ZeniMax Media ដែលនេះជាការទិញលក់ក្រុមហ៊ុនហ្គេមដែលថ្លៃបំផុតពុំធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
Microsoft ត្រូវបានគេដឹងថា ជាក្រុមហ៊ុនផលិតហ្គេម និងឧបករណ៍ហ្គេម Xbox ដែលល្បី និងជាគូប្រជែងជាមួយក្រុមហ៊ុន Sony គឺឧបករណ៍ PlayStation ហើយការទិញយកក្រុមហ៊ុនហ្គេម ZeniMax Media នេះ ត្រូវបានគេដឹងថា គឺធ្វើឡើងដើម្បីពង្រីកទីផ្សារឱ្យកាន់តែខ្លាំងបន្ថែមទៀត ខណៈដែលពេលនេះទីផ្សារ Xbox និង PlayStation កំពុងតែប្រកៀកប្រកិតគ្នា។
ZeniMax Media បច្ចុប្បន្នមានហ្គេមធំៗនៅក្នុងដៃចំនួន ២គឺ Fallout និង Doom ដែលវាគឺជាហ្គេមមួយកំពុងតែមានប្រជាប្រិយភាពខ្លាំង ជាពិសេសគឺរកចំណូលបានខ្ពស់ទៀតផង ដោយកាលពីឆ្នាំ២០១៦ វាមានតម្លៃ ២.៦ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ការទិញក្រុមហ៊ុនហ្គេមនេះ ត្រូវបានធ្វើឡើងក្រោយពេលដែល Microsoft បរាជ័យក្នុងការទិញកម្មវិធី TikTok សម្រាប់អាជីវកម្មនៅសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចិន ByteDance ខណៈដែលនៅពេលនេះ កម្មវិធី TikTok ត្រូវបានក្លាយជាដៃគូជាមួយក្រុមហ៊ុន Oracle និង Walmart ៕