(ក្រុងឡុងដ៍)៖ តាមរយៈជ័យជម្នះ ៣-១ ទៅលើម្ចាស់ផ្ទះ Wolverhamtom Wanderers បានធ្វើឲ្យ Manchester City ក្លាយជាក្រុមទី១ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះដែលលេងមិនចាញ់នៅថ្ងៃបើកឆាក Premier League។
ក្រុមរបស់លោក Pep Guardiola បានបើកការនាំមុខ ២គ្រាប់មុននៅវគ្គទី១ ពីការធ្វើបានសម្រេចដោយកីឡាករ Kevin de Bruyne ដោយបាល់ ១១ម៉ែត្រនៅនាទី២០ មុនពេលមិត្តរួមក្រុម Phil Foden រកបានគ្រាប់ទី២ នៅ១០នាទីបន្ទាប់ ពីការបញ្ជូនបាល់របស់ Raheem Sterling នៅកីឡដ្ឋាន Molineux។
City ដែលទើបឈ្នះពាន Premier League បាន ៤ដងផងនោះ នៅតែបន្តដាក់សម្ភាធលើ Wolves ដដែល ក្រោយពេលក្រុមម្ចាស់ផ្ទះវាយបកបាន ១គ្រាប់វិញនៅនាទី៧៨ ដោយកីឡាករមិចសិច Raul Jimenez និង ១គ្រាប់ចុងក្រោយរបស់មេឃខៀវធ្វើបានដោយ Gabriel Jesus នៅនាទី៩០+៥។
ជ័យជម្នះដែលរកបានធ្វើឲ្យ City ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ បណ្តោះអាសន្នក្នុងតារាង Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ ក្នុងចំណោម ៨ក្រុមដែលរកបាន ៣ពិន្ទុដូចគ្នា ដែលនៅសល់ ១ប្រកួតក្នុងដៃ៕