(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ក្រុមហ៊ុនធំៗចំនួន៣ នឹងផ្តល់នូវឱកាសការងារជាង២០០កន្លែង ជូនដល់សិស្ស \និស្សិត យុវជន និងអ្នកស្វែងរកការងារនៅក្នុងកម្មវិធី «កិច្ចសម្ភាសប្រចាំខែ»។

ក្រុមហ៊ុនធំៗទាំង៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសប្រចាំខែកញ្ញា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក, ក្រុមហ៊ុន Elite Hospitality Trading Co.,Ltd , ក្រុមហ៊ុន TH CVS Co., Ltd (Circle K )។

លោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលសម្របសម្រួលការរៀបចំព្រឹត្តិការណ៍ នេះបានឲ្យដឹងថា កិច្ចសម្ភាសការងារប្រចាំខែកញ្ញានេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុង ស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។ អ្នកដែលមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្ដូរ បទពិសោធន៏ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឱ្យបានសមរម្យ ដើម្បីត្រៀមជួបសម្ភាសផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះ នៅថ្ងៃកម្មវិធីតែម្ដង។

លោកបានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការរីករាលនៃជំងឺកូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារសម្រាប់ភាគីនិយោជកនិងអ្នកស្វែងរក ការងារ។

គួរបញ្ជាក់ផងដែរថាកម្មវិធី «កិច្ចសម្ភាសប្រចាំខែ»គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅជាពិសេស យុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។

សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹកដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដើម្បីទទួលព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕