(តូរីន)៖ កីឡាករខ្សែប្រយុទ្ធ Alvaro Morata បានធ្វើដំណើរទៅដល់ទីក្រុង Turin ប្រទេសអ៉ីតាលី មុនពិធីចុះកិច្ចសន្យាខ្ចីជើង ១រដូវកាលពីក្លិប Atletico Madrid ជាមួយ Juventus ត្រូវបានធ្វើឡើង។
ក្លិបយក្សអីតាលី Juventus បានព្រមព្រៀងលើតម្លៃផ្ទេរជាលក្ខណៈខ្ចីជើង ១រដូវកាលចំនួន ១១លានដុល្លារ សម្រាប់កីឡាករអេស្ប៉ាញខាងលើនេះ ជាមួយនឹងជម្រើសទិញដាច់ក្នុងតម្លៃប្រមាណ ៥៣លានដុល្លារផងដែរ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Goal ចេញផ្សាយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
Morata ដែលធ្លាប់រួមរស់ជាមួយក្លិបការពារតំណែងជើងឯកលីគ Serie A បានចំនួន ២រដូវកាលផងដែរ ក្នុងអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ដែលសេះបង្កង់ Juventus បានចំណាយទឹកប្រាក់ផ្ទេរពីក្រុម Real Madrid ប្រមាណ ២៣លានដុល្លារ។
ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ Morata ធ្លាប់បានបង្ហាញខ្លួនឲ្យ Juventus បាន ៩៣ប្រកួត និងរកបាន ២៧គ្រាប់ផងដែរ ជាមួយនឹងការពានលីគ Serie A ២រដូវកាលជាប់គ្នា។ មុនការមកដល់របស់ Morata ក្លិបសេះបង្កង់ Juventus ក៏ធ្លាប់ទាក់ទងខ្សែប្រយុទ្ធ Luis Suarez របស់ FC Barcelona និង Edin Dzeko នៃក្លិប AS Roma ស្របគ្នានឹងការចាកចេញរបស់ខ្សែប្រយុទ្ធ Gonzalo Higuain ទៅកាន់ Inter Miami FC របស់អាមេរិក៕