(ក្រុងរ៉ូម)៖ កីឡាករវាយកូនបាល់ទោល Novak Djokovic បានឈ្នះជើងឯកពានរង្វាន់ Iltalian Open 2020 ក្នុងកំណត់ត្រាឈ្នះលើកទី៥ បន្ទាប់ពីផ្តួលគូប្រជែង Diego Schwartzman នៃវគ្គផ្តាច់ព្រ័ត្រនៅលើទីលានដីឥដ្ឋ នារាត្រីថ្ងៃចន្ទ ទី២១ ខែកញ្ញា ដែលស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។
ការប្រកួតដែលមានអ្នកគាំទ្រប្រមាណ ១០០០នាក់ចូលរួមទស្សនាផ្ទាល់ ជាមួយនឹងគម្លាតសង្គម និងមានភ្លៀងធ្លាក់ក្នុងទីក្រុង Rome ផងនោះ កីឡាករឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Djokovic បានយកឈ្នះកីឡាករចំណាត់ថ្នាក់លេខ៨ មកពីអាហ្សង់ទីន Schwartzman ក្នុងលំដាប់ពិន្ទុ ៧-៦ និង ៦-៣។
តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យកីឡាករអន្តរជាតិសែប៊ី Djokovic ឈរនៅលំដាប់លេខ១ ក្នុងយុទ្ធនាការ Masters 1000 Titles ដែលលេងឈ្នះ ៣៦ដង តាមពីក្រោយដោយ Rafael Nadal ឈ្នះបាន ៣៥ដង ដែលជាកម្មវិធីមិនស្ថិតក្នុងក្របខណ្ឌ Grand Slams និង ATP Finals វាយ Tennis ផ្នែកបុរស។
Djokovic វ័យ ៣៣ឆ្នាំក៏បានត្រៀមចូលរួមប្រកួត French Open 2020 ដែលចាប់ផ្តើមនាដើមសប្តាហ៍ក្រោយនេះផងដែរប្រទេសបារាំង គ្រាដែលគូប្រជែង Rafael Nadal សំឡឹងរកជ័យជម្នះលើកទី១៣ ក្នុងកម្មវិធី Grand Slams មួយនេះ៕